បានទៅស្រុកឱរ៉ាល់ កុំភ្លេចចូលលេងរមណីយដ្ឋាន ភ្នំចាស់
ភ្នំចាស់មានទីតាំងស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាន ចម្ងាយប្រមាណជា ៤០ គីឡូម៉ែត្រពីទីរួម ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវលេខ ៤២ ឆ្ពោះទៅស្រុក ឱរ៉ាល់ ។
ភ្នំចាស់នេះ មានកម្ពស់ជាង ២០០ ម៉ែត្រ ចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និង ខ្នងកិន្នរ ដែលមានផ្ទៃក្រឡាប្រមាណជា ១០៣ ហិកតា ហើយភ្នំចាស់គឺជាភ្នំមួយ ដែលមានល្អាងជាច្រើនក៏ប៉ុន្តែល្អាងដែលធំជាងគេគឺល្អាងជង្រុក ដែលប្រជាជនរស់នៅតំបន់នោះមានជំនឿ ។
ភ្នំចាស់គឺជាភ្នំធម្មជាតិមួយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និង ជាទីតាំងប្រវត្តិសាស្ត្រដែលមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅ ។ តាមប្រជាពលរដ្ឋនៅទីនោះបាននិយាយថា ភ្នំចាស់នេះមានបារមីខ្លាំងពូកែណាស់ ហើយជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នាធ្វើបុណ្យថ្វាយម្ចាស់ភ្នំ ពីព្រោះកាលពីសម័យដើមនៅតំបន់ភ្នំចាស់នេះគឺសុទ្ធតែជនជាតិសួយរស់នៅ និងគ្រប់គ្រងដោយមេកន្ទ្រាញខ្លាំងពូកែម្នាក់ឈ្មោះបាភ្នំ ។
រហូតមកដល់សព្វថ្ងៃនេះ ភ្នំចាស់នៅតែល្បីខាងជំនឿអរូបី ហើយប្រសិនបើមាននរណាម្នាក់ ដែលទៅលេងនៅភ្នំចាស់យកស្រាទៅផឹកនៅទីនោះច្បាស់ជាបារមីម្ចាស់ភ្នំ បង្ហាញឱ្យឃើញដូចជាសត្វខ្លា ពស់ធំៗ មកបន្លាចឱ្យឃើញភ័យរន្ធត់ជាក់ជាមិនខានឡើយ ។ ដូច្នេះហើយបានជាភ្ញៀវទេសចរ ឬក៏ប្រជាជនដែលមានបំណងឡើងភ្នំ ឬ ចូលទៅក្នុងល្អាងភ្នំចាស់ ពួកគាត់តែងតែ អុជធូបបែរបន់សុំបារមីម្ចាស់ភ្នំជាមុន ។
ភ្នំចាស់មានល្អាងភ្នំបែកជារូងតូចៗប្រមាណជា ៣០ ដែលរូងខ្លះមានសភាពងងឹតស្លុបគួរឱ្យខ្លាចរអានិង ល្អាងខ្លះទៀតមានពន្លឺថ្ងៃចាំងចូលអាចធ្វើឱ្យអ្នកទៅទស្សនាចូលទៅបាន ៕
ដោយ៖សុថាត់