អាហារមួយប្រភេទនេះត្រូវបានគេដឹងថា ជួយឱ្យទារកក្នុងផ្ទៃកើតមកឆ្លាត
នេះគឺជាដំណឹងល្អមួយសម្រាប់ស្ត្រីជាម្តាយគ្រប់រូប ជាពិសេសស្ត្រីដែលកំពុងតែមានផ្ទៃពោះតែម្តង។ វាក៏ជាសំណួរមួយដែលបងប្អូនអ្នកអានរបស់យើងតែងតែចោទសួរជាញឹកញាប់ ។ តាមការសិក្សាថ្មីមួយបានបង្ហាញថា ក្មេងដែលកើតពីម្តាយដែលបានញ៉ាំផ្លែឈើ ៦ ទៅ ៧ ដងជារៀងរាល់ថ្ងៃក្នុងពេលមានផ្ទៃពោះ ឃើញថាពិន្ទុ IQ របស់គេអាចខ្ពស់ជាងគេពី ៦ ទៅ ៧ ពិន្ទុឯណោះ នៅពេលពួកគេធំឡើង ។
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ផ្លែឈើគឺល្អចំពោះមនុស្សយើងណាស់ ប៉ុន្តែការញ៉ាំផ្លែឈើច្រើនក៏អាចផ្តល់អត្ថប្រយោជន៍យ៉ាងគួរឲ្យភ្ញាក់ផ្អើលចំពោះទារកក្នុងផ្ទៃដែរ ។ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Alberta បានបង្ហាញថា អត្ថប្រយោជន៍នៃការញ៉ាំផ្លែឈើអាចចាប់ផ្តើមតាំងពីទារកក្នុងផ្ទៃមកម្លេះ។
ការសិក្សាដែលបានចុះផ្សាយក្នុងសារព័ត៌មាន EbioMedicine បានរកឃើញថា ទារកកើតពីម្តាយដែលញ៉ាំផ្លែឈើច្រើនបំផុតក្នុងពេលមានផ្ទៃពោះ មានការលូតលាស់ល្អច្រើនជាងគេក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិត ។
ចំពោះម្តាយដែលបានញ៉ាំទឹកផ្លែឈើ និង ផ្លែឈើ ៦ ទៅ ៧ ដងជារៀងរាល់ថ្ងៃក្នុងពេលមានផ្ទៃពោះ កូនដែលកើតមកឃើញថាអាចទទួលបានពិន្ទុ IQ ខ្ពស់ជាងកម្រិតមធ្យមរហូតដល់ ៦ ទៅ ៧ ពិន្ទុឯណោះ ។ កម្រិតពិន្ទុជាមធ្យមរបស់ IQ គឺ ១០០ ។ អ្នកស្រាវជ្រាវបានបញ្ជាក់ថា កាលណាម្តាយញ៉ាំផ្លែឈើបានកាន់តែច្រើនក្នុងរយៈពេលពរពោះ វានឹងធ្វើឲ្យការលូតលាស់របស់ទារកក្នុងផ្ទៃកាន់តែល្អប្រសើរជាមួយនឹងពិន្ទុ IQ ល្អ ជាពិសេសក្រោយពេលគេកើតមក ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនបានលើកទឹកចិត្តឲ្យម្តាយគ្រប់រូបខំប្រឹងញ៉ាំផ្លែឈើច្រើនៗជ្រុលពេកនោះទេ ព្រោះវាអាចនឹងបង្កជាបញ្ហាសុខភាពច្រើនបាន ជាពិសេសជំងឺទឹកនោមផ្អែមតែម្តង ។ ប៉ុន្តែការសិក្សាបានបង្ហាញទៀតថា ត្រឹមតែការញ៉ាំផ្លែប៉ោមមួយផ្លែពីរអាចនឹងផ្តល់ប្រយោជន៍យ៉ាងអស្ចារ្យទៅហើយសម្រាប់ការលូតលាស់ថាមពលខួរក្បាលកូននៅថ្ងៃអនាគត៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ 1mhealthtips
ឧបត្ថម្ភដោយ ៖ UniDry