ទៅលេងខេត្តមណ្ឌលគិរី មិនត្រូវរំលងរមណីយដ្ឋានអូររមីសឡើយ
ទោះបីជាវេលាអាហារថ្ងៃត្រង់ហាក់បីដូចជាជ្រេដល់ម៉ោង ១ ឬ ២ រសៀល សម្រាប់អ្នកដំណើរពីរាជធានីភ្នំពេញ និង អ្នកឆ្លងកាត់ផ្លូវជាតិលេខ ៧៦ ទៅកាន់ទីរួមខេត្ដមណ្ឌលគិរីយ៉ាងណាក៏ដោយ ក៏ពួកគេទ្រាំកូរពោះបន្ដិចដើម្បីទុកមាត់ភ្លក្សរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ ជាមួយការគយគន់សម្រស់ទីឋានទឹកធ្លាក់បែបទំនើបដ៏ស្រស់ត្រកាល នៅអូររមីស ។
ទឹកអូរហូររលេញនៅខាងក្រោមស្ពានថ្មនៃផ្លូវជាតិចាក់ចូលដីឡូត៍តុបតែងដោយសួនច្បារ ក្យូសលម្ហែកាយប្របតាមមាត់អូរ បន្ថែមស្ពានឈើ និង យោលចំនួន៣ កន្លែង សម្រាប់ដើរឆ្លងកាត់ និង គយគន់ទេសភាពដ៏ត្រជាក់ភ្នែកនៃសម្រស់ទឹកអូរ និង រុក្ខជាតិតូចធំនៅទីនោះ ។
នៅរមណីយដ្ឋានទេសចរណ៍អូររមីសមានការរៀបចំរបៀបជារីសតមានផ្ទះសំណាក់ មានភោជនីយដ្ឋានសួនផ្កាចម្រុះពណ៌ ស្ពានយោល ទឹក ហូរ និង ការសម្ដែងសិល្បៈរបស់ បងប្អូន ជនជាតិភាគតិចជូនភ្ញៀវទេសចរទស្សនាថែមទៀតផង ហើយភ្ញៀវទេសចរភាគច្រើន ដែលធ្វើដំណើរទៅលេងនៅខេត្តមណ្ឌលគិរីមិនដែលរំលងឡើយក្នុងការចូលទៅកម្សាន្ត ញុំាអាហារ ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅអូររមីស ។
អូររមីសគឺជារមណីយដ្ឋានទេសចរណ៍កែច្នៃមួយប្រកបដោយភាពទាក់ទាញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចម្ងាយតែ ៧ គីឡូម៉ែត្រពី ក្រុងសែនមនោរម្យ ដែលចាប់ដំណើរការតាំងពីឆ្នាំ ២០០៣មកម្លេះ ។ ប៉ុន្តែបើលោកអ្នកមិនដែលស្គាល់ទីនោះឬទើបតែទៅទីនោះ ជាលើកទីមួយនោះ នៅពេលធ្វើដំណើរចេញពីរាជធានីភ្នំពេញជិតដល់ទីរួមខេត្តមណ្ឌលគិរីក្បែរស្ពានថ្មមួយក្រឡេកមើលទៅខាងឆ្វេងដៃ លោកអ្នកនឹងបានឃើញស្លាករមណីយដ្ឋានអូររមីសជាក់ជាមិនខានឡើយ ។
អូររមីសជារមណីយដ្ឋានមួយ ដែលនៅក្បែរទីរួមខេត្តមណ្ឌលគិរី និង ផ្តល់នូវភាពងាយស្រួលផងដែរសម្រាប់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ហើយប្រសិនបើភ្ញៀវទេសចរមានបំណងចង់ស្នាក់នៅនោះ អូររមីសក៏មានបន្ទប់ផ្ទះសំណាក់សម្រាប់ជួលប្រកបដោយផាសុខភាព និង មានបម្រើជូននូវសេវាកម្មផ្សេងៗជាច្រើនទៀតផងដែរ ៕
ដោយ៖សុថាត់