រឿងចម្លែកៗ ដែលអាចកើតមានលើស្ត្រីមានផ្ទៃពោះ
ការដែលរស់នៅក្នុងសង្គមគ្រួសារច្បាស់ណាស់ វានឹងបង្កជារឿងអស្ចារ្យមួយក្នុងជីវិត ជាពិសេសការមានផ្ទៃពោះតែម្តង។ ជាធម្មតា អ្នកប្រហែលជាមិនអាចរងចាំបានចំពោះទារកក្នុងពោះដ៏ស្រស់ស្អាតរបស់អ្នកចេញមកមើលពិភពលោកខាងក្រៅ ហើយអ្នកក៏អាចមានពេលវេលាច្រើនក្នុងការអោបថើបគេដែរ។ ប៉ុន្តែមុននឹងរឿងនេះកើត អ្នកប្រហែលជាអាចមានរឿងមួយចំនួនកើតឡើងក្នុងខ្លួន ក្នុងអំឡុងពេលមានផ្ទៃពោះនេះដូចជា៖
ដុះរោមច្រើនកន្លែង
ដោយសារតែការបម្រែបម្រួលអ័រម៉ូនកើតឡើងក្នុងខ្លួន អ្នកនឹងសម្គាល់ឃើញថា រោមដែលធ្លាប់តែដុះតិចៗបែរជាដុះក្រាសទៅវិញ។ យ៉ាងណាមិញ ការដុះរោមក៏អាចកើតឡើងច្រើនកន្លែងផងដែរ រួមទាំងកន្លែងដែលមិនធ្លាប់មានពីមុនទៀតផង។
ចំណុះឈាមកើនឡើង
អ្នកជំនាញជាច្រើននិយាយថា ឈាមស្ត្រីមួយចំនួននឹងកើនឡើងរហូតដល់ ៥០ភាគរយក្នុងពេលមានផ្ទៃពោះ។ នេះគឺជាមធ្យោបាយធម្មជាតិរបស់រាងកាយដើម្បីប្រាកដថា ការលូតលាស់ និងធំធាត់របស់ទារកនឹងពោរពេញទៅដោយជីវជាតិទាំងអស់ដែលគេត្រូវការ។ ការដែលមានឈាមកើនច្រើនបែបនេះនឹងជួយអ្នបកានច្រើនក្នុងពេលសម្រាលដោយសារតែការបាត់បង់ឈាម។
បែកញើសជាប់
ដោយសារតែក្នុងខ្លួនមានឈាមកាន់តែច្រើនហូរទៅក្នុងសរសៃវ៉ែន ដូច្នេះសីតុណ្ហភាពក្នុងរាងកាយក៏កើនឡើងដែរ។ ដើម្បីសម្រួលដល់រឿងនេះ រាងកាយនឹងផលិតញើសកាន់តែច្រើនដើម្បីជួយឲ្យរាងកាយត្រជាក់វិញ។ ដូច្នេះយកល្អគួរតែព្យាយាមស្លៀកសម្លៀកបំពាក់រលុងៗទើបស្រួល តែកុំភ្លេចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផង។
មានកន្លែងខ្លះទៅជាខ្មៅទៅៗ
អ្នកនឹងសម្គាល់ឃើញថា មានស្នាមបន្ទាត់ពណ៎ខ្មៅមួយរង់នៅចំកណ្តាលពោះ ដែលនោះហៅថា Linea Nigra។ ពិតណាស់ បន្ទាត់មួយនេះតែងតែនៅកន្លែងហ្នឹងធម្មតា គ្រាន់តែមើលមិនឃើញ លុះត្រាតែមានផ្ទៃពោះ ដោយសារតែស្បែកផលិតសារធាតុ Pigment ច្រើន។ ចំណែកឯក្បាលសុដន់ក៏ទៅជាខ្មៅជាងមុន ដែរ ចំណែកឯហេតុផលគឺដូចគ្នាអ៊ីចឹង។
កន្លែងខ្លះទៅជាពណ៌ខៀវ
បើអ្នកសង្កេតមើលស្បែកនៅទ្វារមាស អ្នកនឹងឃើញថា វាប្រែទៅជាពណ៌ខៀវហើយក្នុងពេលមានផ្ទៃពោះ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវទៅជួបពេទ្យឡើយ ព្រោះវាជារឿងធម្មតាទេ។ តាមពិតទៅ វាមិនមែនជាពណ៌ទេ វាគ្រាន់តែជាការប្រែប្រួលរបស់ស្បែកប៉ុណ្ណោះ។ ករណីបែបនេះ អ្នកគួរតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរខោទ្រនាប់ឲ្យបានច្រើន ដោយសារតែទ្វារមាសអាចនឹងហូរទឹករំអិលកាន់តែច្រើន។
សម្លេងដូចក្មេងប្រុស
វាដូចគ្នានឹងអ្វីដែលខ្ញុំបញ្ជាក់ពីខាងលើអ៊ីចឹង គឺដោយសារតែបម្រែបម្រួលអ័រម៉ូនក្នុងខ្លួន។ ការប្រែប្រួលនេះក៏មានទាំងសម្លេងរបស់អ្នកដែរ។ ដូច្នេះ អ្នក និងមនុស្សគ្រប់គ្នានៅជុំវិញខ្លួន នឹងសម្គាល់ឃើញថា សម្លេងអ្នកស្រាលជាងធម្មតា។
អារម្មណ៍ប្រែប្រួលច្រើន
ឥទ្ធិពលមួយទៀតនៃបម្រែបម្រួលអ័រម៉ូនគឺ អារម្មណ៍អ្នកដែរ។ អ្នកនឹងសម្គាល់ឃើញថា អ្វីៗដែលអ្នកឆ្លងកាត់អាចធ្វើឲ្យអ្នកយំដូចកូនក្មេងដែរ។ ការទទួលកាដូ ការមើលផ្សាយពាណិជ្ជកម្មកម្សត់ៗ ឬមើលរឿងកម្សត់ៗ សុទ្ធតែអាចធ្វើឲ្យអ្នកស្រស់ទឹកភ្នែកបានទាំងអស់។ រឿងនេះក៏អាចផ្តល់ផលវិបាកជា ពិបាកចិត្ត ឬបាក់ទឹកចិត្តក្រោយសម្រាលកូនរួចដែរ។
រលាកច្រមុះក្នុងពេលមានផ្ទៃពោះ
តើអ្នកការហៀរសម្បោររបស់អ្នកមិនព្រមជាសោះមែនទេ? អ្នកប្រហែលជាមានបញ្ហារលាកច្រមុះ ក្នុងពេលមានផ្ទៃពោះហើយ។ ប៉ុន្តែកុំបារម្ភអី ព្រោះរឿងនេះនឹងមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃឡើយ។ ក្រៅពីទាញក្រដាសជូតមាត់ជូតរហូត អ្នកក៏ត្រូវព្យាយាមដុសសម្អាតធ្មេញឲ្យបានទៀងទាត់ដែរ ព្រោះថា ការតឹងច្រមុះអាចនាំឲ្យមានបញ្ហាអញ្ចាញធ្មេញដែរ៕
( ប្រភព ៖ healthdigezt )