ចំណុចដ៏ធ្វេសប្រហែសរបស់ឪពុកម្តាយ ដែលអាចឱ្យទារកស្លាប់ភ្លាមៗ
ឪពុកម្តាយថ្មីថ្មោងដែលមានកូនតូច កំពុងតែមានអារម្មណ៍ភ្ញាក់ផ្អើលគ្រប់យ៉ាងហើយនៅពេលពួកគេបានឃើញកូនរបស់ខ្លួនកើតមក ប៉ុន្តែសេចក្តីសុខមួយនេះអាចនឹងរងការប៉ះពាល់បាន ដោយសារតែការគម្រាមគំហែងនៃចង្កោមរោគសញ្ញាទារកស្លាប់ភ្លាមៗ ឬហៅថា Sudden Infant Death Syndrome (SIDS) ដែលវាអាចកើតឡើងយ៉ាងពិតប្រាកដ។ អ្នកប្រហែលជាធ្លាប់ដឹងរឿងជាច្រើនហើយទាក់ទងនឹងការស្លាប់របស់ទារក ដោយសារតែបញ្ហានេះ ហើយក៏គេងមិនលក់ច្រើនយប់ដែរដោយសារតែខ្លាចកូនមិនដកដង្ហើម។ អ្វីដែលជាដំណឹងល្អនោះគឺថា បញ្ហា SIDS នេះមានការថយចុះហើយក្នុងរយៈពេលពីរបីឆ្នាំមុននេះ តែមិនមែនមានន័យថា អ្នកត្រូវជិះសេះប្រឡេងដៃឡើយ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីបង្ការ គ្រោះថ្នាក់ខាងលើនេះកុំឲ្យកើតឡើងបាន៖
១ ដាក់ឲ្យកូនគេងផ្តា
រឿងនេះអាចជួយកូនចៀសផុតពី SIDS បាន ដោយសារតែ ការដែលក្មេងគេងផ្ងា វានឹងជួយការពារកុំឲ្យផ្លូវដង្ហើមរបស់ទារកស្ទះនៅពេលគេគេងលក់បាន។ ការដែលឲ្យកូនគេងផ្កាប់ហើយក្បាលខ្ទប់នឹងខ្នើយ ឬបែរចំហៀង ប្រហែលជាធ្វើឲ្យសង្កត់ដល់បំពង់ករ និងច្រមុះ ដែលនាំឲ្យគេពិបាកដកដង្ហើមបាន។
២ ចៀសវាងការប្រើភួយ
វិធីសាស្ត្រមួយទៀតដែលអាចបន្ថយការប្រឈមនឹង SIDS គឺចៀសវាងការប្រើប្រាស់ខ្នើយ ភួយ និងដាក់តុក្តតាគ្រប់ប្រភេទនៅកន្លែងទារកគេង។ អ្នកជំនាញនិយាយថា អ្នកអាចឲ្យរបស់ទាំងអស់នេះទៅកូនប្រើលុះត្រាតែគេអាយុបានមួយឆ្នាំហើយ។ នេះដោយសារតែ ការដែលប្រើដៃ និងសកម្មភាពរបស់ក្មេងនៅមិនទាន់ល្អ ដែលជាហេតុនាំឲ្យពួកគេចាប់អ្វីដាក់មាត់រហូតដល់ប៉ះពាល់ដល់ការដកដង្ហើមបាន។ ចូរប្រាកដថា កូនតូចអ្នកមិនក្តៅខ្លាមងពេកទេ ដោយសារតែវាក៏អាចធ្វើឲ្យមានបញ្ហា SIDS ដែរ។
៣ ប្រើបន្ទប់រួមគ្នា
ចូរដាក់អង្រឹងមានរបងព័ទ្ធជុំវិញសម្រាប់កូនគេង ក្នុងបន្ទប់អ្នកផងទៅ ដើម្បីអ្នកមានឱកាសកាន់តែងាយស្រួលតាមដានការគេងរបស់កូន ចៀសជាងទុកឲ្យកូនគេងនៅបន្ទប់ដាច់តែឯង។ ពេលនោះ កូនអ្នកនឹងងាយស្រួលត្រូវការអ្នកបានច្រើនបំផុតតាមតែអាចធ្វើទៅបានក្នុងរយៈពេលពីរបីខែដំបូង ហើយក៏អាចបង្ការការដួល ឬធ្លាក់ពីគ្រែដោយចៃដន្យបានដែរ។ ថ្វីបើការដាក់ឲ្យកូនគេងជាមួយគ្នានឹងឪពុកម្តាយ គឺជារឿងអាចធ្វើទៅបានក៏ដោយ តែអ្នកត្រូវពិចារណាឡើងវិញថា វានឹងធ្វើឲ្យមានការប្រឈមមុខខ្លាំង។
៤ ប្រើក្បាលដោះបៀមលេង
មធ្យោបាយមួយផ្សេងទៀតដើម្បីជួយបន្ថយការកើតបញ្ហា SIDS ចំពោះទារកទើបនឹងកើត គឺឲ្យគេងប្រើក្បាលដោះបៀមលេងនៅពេលគេអាយុបានមួយខែ។ អ្នកអាចធ្វើបែបនេះនៅពេលដែលអ្នកឲ្យគេបៅដោះ។ ក្បាលដោះបៀមលេងអាចការពារកុំឲ្យកូនគេងលក់ស្កប់ពេក ព្រោះពួកគេអាចមានអារម្មណ៍ថា ពួកគេនៅតែជញ្ជក់ក្បាលដោះ ហើយក៏អាចបញ្ជាក់ថា គេនៅដឹងខ្លួនដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ healthdigezt )