បុគ្គលិកក្រុមហ៊ុន សាមសុង បន្តស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាម !
ភ្នំពេញ, ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៨ ៖ ថ្នាក់ដឹកនាំ និង បុគ្គលិកក្រុមហ៊ុនសាមសុង បានរួមគ្នាម្តងទៀតដើម្បីបរិច្ចាគឈាមនៅមជ្ឈម ណ្ឌលជាតិផ្ដល់ឈាម (NBTC) ក្នុងគោលបំណងចូលរួមជួយដល់អ្នកដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត ។
«កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុនសាមសុង» គឺជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុនសាមសុង តែងតែផ្តល់នូវក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា ។ ក្រុមហ៊ុនសាមសុង បង្កើតកម្មវិធីនេះឡើងដោយជឿជាក់ថា ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ថ្លៃថ្លាបំផុត ស្របតាមគោលការណ៍របស់ក្រុមហ៊ុនដែលតែងតែប្រកាន់ភ្ជាប់ ហើយគ្រប់ប្រទេស និង តំបន់ដែលក្រុមហ៊ុនសាមសុង មានប្រតិបត្តិការ គឺតែងតែគិតគូរដល់ការរួមចំណែក ដើម្បីផ្ដល់ផលជាវិជ្ជមានដល់សង្គម ។
លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានមានប្រសាសន៍ថា «ការផ្ដល់ឈាម ស្មើនឹងផ្ដល់ជីវិត» ។ ដូច្នេះការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និង មិនអាចខ្វះបានពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត ។
តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសម្មភាពដ៏មានសារៈសំខាន់នេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកដទៃបានថែមទៀតផង» ។
លោក សឹងហ៊ូ ឆយ (Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសា សន៍ថា «ការផ្ដល់ផលជាវិជ្ជមានដល់ប្រជាជន និង សង្គម គឺជាតម្លៃស្នូលរបស់ក្រុមហ៊ុនសាមសុង ហើយការផ្ដល់ឈាម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសង្គមដទៃទៀតជាច្រើន ដែលយើងតែងតែអនុវត្តជាប្រចាំ ដើម្បីរួមចំណែកណាមួយដែលយើងអាចធ្វើបាន ហើយនេះគឺជាលើកទី ៣ សម្រាប់កម្មវិធីមនុស្សធម៌នេះផងដែរ» ។
លោកបានបន្តទៀតថា «យើងរំពឹងថា ការបរិច្ចាគនេះ នឹងអាចជួយសង្គ្រោះជីវិតអ្នកដែលកំពុងតែត្រូវការយើងជួយសង្គ្រោះ ហើយយើងសូមលើកទឹកចិត្តឲ្យមានការចូលរួមបែបនេះឲ្យច្រើនថែមទៀត ដើម្បីបន្តចែករំលែកក្ដីស្រឡាញ់ និង ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកឲ្យកាន់តែទូលំទូលាយ» ។ ជាចុងក្រោយ ក្រុមហ៊ុនក៏សូមអំពាវនាវដល់សាធារណជនឲ្យចូលរួមជួយគាំទ្រក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើនដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម ៕