កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍អំពីការបញ្ចូនគ្រាប់រ៉ុក្កែតនេះថា ៖ «សហរដ្ឋអាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពអាចបាញ់ដល់ប្រទេសរុស្ស៊ី ទៅកាន់អ៊ុយក្រែននោះទេ» ។ បើទោះបីជាប្រធានាធិបតីអ៊ុយក្រែន បានធ្វើការស្នើរសុំជារឿយៗនូវប្រភេទប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយនេះក៏ដោយ។
យ៉ាងណាមិញ លោក Biden ក៏នៅតែបន្តបញ្ចាក់ទៅកាន់អ្នកសារព័ត៍មានថា ៖ « យើងនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតប្រភេទនេះទៅកាន់អ៊ុយក្រែននោះទេ » ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងស្របពេលដែលមន្ត្រីអ៊ុយក្រែនចង់បានប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលមានឈ្មោះថា Multiple Launch Rocket System ឬ MLRS ដែលអាចប្រតិបត្តិការក្នុងចម្ងាយ ៤៨០ គីឡូម៉ែត្រ។
គួររំលឹកឡើងវិញដែរថា Multiple Launch Rocket System ឬ MLRS គឺជារថពាសដែក ដែលបំពាក់គ្រាប់រ៉ុក្កែតចំនួន ១២ គ្រាប់ដែលអាចបាញ់ក្នុងចម្ងាយ ៤៨០ គីឡូម៉ែត្រ និងមានល្បឿន ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏បានលើកឡើងដែរថា ៖ « ប្រសិនបើយើងមិនទទួលបាន MLRS ឱ្យបានឆាប់ទេ ស្ថានភាពនៅ Donbas នឹងកាន់តែអាក្រក់ជាងពេលនេះទៅទៀត »៕
ប្រភព៖ Aljazeera