ជារឿងដ៏គួរឱ្យរំភើប និង សប្បាយរីករាយ សម្រាប់បងប្អូនប្រជាជនកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យកីឡា ក្រោយកីឡាករកម្ពុជា ដែលត្រូវជាកូនប្រុសរបស់ស្ដេចប្រដាល់ អេភូថង ដណ្ដើមបានមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម។
ជាក់ស្ដែង នៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នេះ កីឡាករ អេ វីរៈខាំឈីតភូថង អត្តពលិកកម្ពុជា ប្រភេទកីឡារ៉ូវីណាម ដណ្តើមបានមេដាយមាសជូនជាតិ ក្នុងវិញ្ញាសាប្រយុទ្ធកម្រិតទម្ងន់ ៦៥ គីឡូក្រាមវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះកីឡាករហ្វីលីពីន CARLO VON BUMINAANG BASANIO ក្នុងលទ្ធផល ៧-២។
គួរឱ្យដឹងផងដែរថា នេះជាមេដាយមាសទី ៧ ហើយ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម៕