ភស្តុតាងសំខាន់ ៣ យ៉ាង ដែលប្រធានជុំរុំសង្គ្រោះចង់រកឱ្យឃើញ ដើម្បីទាមទារយុត្តិធម៌ឱ្យ Tangmo
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ផ្ទុះផ្អើលមហាជនជាថ្មីម្តងទៀត ក្រោយនាយ Achariya ប្រធានជុំរុំជួយសង្គ្រោះ បានចេញមុខដឹកនាំក្រុមជ្រមុជទឹកជំនាញ ដើម្បីស្វែងរកភស្តុតាងថ្មី ក្នុងបំណងទាមទារយុត្តិធម៌ឱ្យ Tangmo បន្ទាប់ពីប៉ូលិសបានប្រកាសបិទរឿងក្តី ទាំងមិនអស់ចិត្ត។
ដោយបេសកកម្មស្វែងរកភស្តុតាងថ្មីនោះ គឺបានកំណត់យកទន្លេចៅផាយ៉ា ត្រង់ ៣ ចំណុច គឺចំណុចដែល Tangmo ធ្លាក់ទឹក ចំណុចរកឃើញសាកសព និង ចំណុចប្រសព្វ។
នាយ Achariya ទម្លាយថាវត្ថុតាង ៣ ដែលលោកមានបំណងចង់ស្វែងរកឱ្យឃើញ ដើម្បីងាយស្រួលក្នុងការទាមទារយុត្តិធម៌រឿងក្តីនេះ នោះគឺ កែវស្រា ស្បៃរុំជើង និងកាំបិតប្រភេទ K2 ដែលវាសុទ្ធសឹងតែជារបស់សំខាន់ ក្នុងការបំបែករឿងក្តី។
ចំពោះបេសកកម្មលើកនេះ គឺលោកបានសហការ ជាមួយក្រុមជំនាញជ្រមុជទឹក ហើយបានប្រើប្រាស់ឧបករណ៍ជំនួយជាច្រើន ដោយជំហានដំបូងគឺបញ្ជូនក្រុមជំនាញជ្រមុជទឹកត្រង់ចំណុចកំណត់ បន្ទាប់មកគឺប្រើទុយោដើម្បីប្រមូលវត្ថុតាងក្រោមទឹក ដូចជាខ្សាច់ ភក់ ហើយប្រើម៉ាស៊ីនស្កេន ដើម្បីស្វែងរកអាវុធផ្សេងៗដែលកប់បាតទន្លេ និង ត្រួតសភាពទឹក។
លោក Achariya រំពឹងថា នឹងរកឃើញតាមការគិតទុក ហើយភស្តុតាងដែលប្រមូលបាននឹងបញ្ជូនទៅរក្សាទុកនៅស្ថាប័ន DSI ត្រឹមថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ៕