អបអរសាទរ! ទីបំផុត Sky ទទួលសញ្ញាបត្រលើជំនាញពិសេសមួយនេះហើយ ក្រោយខំប្រឹងរៀន ៤ ឆ្នាំ
តារាប្រុសរូបសង្ហាវ័យ ២៣ ឆ្នាំ Sky Wongravee គឺជាតារាចម្រៀង និង តារាសម្ដែងពន្លកថ្មី តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននាពេលបច្ចុប្បន្ន។ ជាពិសេស មុខមាត់ និង រូបរាងដ៏សង្ហាសាច់សខ្ចីដូចបណ្ដូលចេករបស់តារាប្រុសវ័យក្មេងរូបនេះហាក់តែងធ្វើឱ្យមហាជនស្រីៗបាក់ចិត្តមិនស្ទើរនោះឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ គេឃើញថាមហាជនជាច្រើនបានសម្ដែងការសារទរ បន្ទាប់ពីតារាប្រុសរូបនេះបានចេញមកបង្ហោះរូបភាពពាក់ឈុតទទួលសញ្ញាបត្រដែលនឹងត្រៀមទទួលនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ ជាមួយនឹងការបង្ហោះនោះ តារាប្រុស Sky ក៏បានសរសេរអញ្ជើញហ្វេនៗរបស់ខ្លួនឱ្យចូលរួមអបអរចំពោះលោកដូចគ្នាក្នុងថ្ងៃទទួលនោះ។
គួរបញ្ជាក់ផងដែរថា អ្នកកំលោះសង្ហារូបនេះ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសិល្បៈសាស្ត្រ ពីសាកលវិទ្យាល័យ Thammasat កាលពីឆ្នាំ ២០២០ តែទើបនឹងទទួលសញ្ញាបត្រនៅឆ្នាំ ២០២២ នេះ។ ជាមួយគ្នានោះ ខណៈដែលតស៊ូរៀនរយៈពេល ៤ ឆ្នាំ យ៉ាងសស្រាក់សស្រាំនេះ គេឃើញថា Sky ហាក់មានមោទកភាពចំពោះខ្លួនឯងជាខ្លាំង ហើយសម្រាប់អ្នកគាំទ្ររបស់គេក៏រំភើបចិត្តដូចគ្នា៕