ក្រោយប៉ះជាមួយ Sand រួច Ning Panita ទម្លាយផាំងៗមិនខ្លាចអ្នកណាប្តឹង ហើយបោះសម្តីយ៉ាងចុកៗនេះទៅទៀត
ថ្មីៗនេះ ក្រោយពីរឿងក្តី Tangmo បានបញ្ចប់ភ្លាម Sand ជាជនសង្ស័យរួមទូកជាមួយ Tangmo ហាក់មិនពិបាកចិត្តបន្តិចនោះទេ នាងបែរជាមកបង្ហោះរូបញញឹមញញែម ព្រមជាមួយ Caption យ៉ាងមិននឹកស្មាន ធ្វើឱ្យតារាស្រី Ning Panita ក្នាញ់ទើសចិត្ត ទ្រាំមិនបានក៏បានចូលទៅបញ្ចេញមតិ រហូតក្លាយជាការឆ្លើយឆ្លងគ្នាឌឺដង ពេញបណ្តាញ IG តែម្តង។
យ៉ាងណាមិញ ក្រោយពីបានប៉ះគ្នារួចហើយ តារាស្រី Ning Panita ក៏ត្រូវបានកម្មវិធីមួយហៅមកសម្ភាសទាក់ទងនឹងរឿងនេះផងដែរ។ ក្នុងនោះ Ning បានឱ្យដឹងយ៉ាងឌឺដងទៅ Sand បែបនេះថា រឿងខាងផ្លូវច្បាប់នាងនឹងមិនប៉ះពាល់នោះទេ តែនាងបញ្ចេញមតិទៅបែបនោះ ក៏ព្រោះតែនាងជួយអបអរ Sand នោះហើយ ព្រោះទើបតែឃើញនាងញញឹមចេញ កន្លងមកឮតែនិយាយថាពិបាកចិត្តរហូត។
Ning បានឱ្យដឹងទៀតថា ខ្លួនមិនខ្វល់រឿងច្បាប់ ឬ ក្នុងរឿងក្តីនេះអ្នកណាខុស អ្នកណាមិនខុសនោះទេ ចុងក្រោយនៅតែគេចការពិតមិនបានដដែល នាងខ្វល់តែថាបើជាខ្លួននាង នាងញញឹមមិនចេញឡើយ ជាពិសេសបើជាមនុស្សម្នាក់ដែលមានមិត្តភក្តិកើតរឿងធ្ងន់ធ្ងរបែបនេះ តើយើងគួរមានអារម្មណ៍បែបណា?
ក្នុងអារម្មណ៍របស់នាង បើសិនជាមានមិត្តភក្តិម្នាក់ត្រូវឈឺខ្លួនដេកនៅពេទ្យ មិនបាច់ដល់ថ្នាក់ស្លាប់នោះទេ នាងក៏ពិបាកចិត្តខ្លាំងបាត់ទៅហើយ មិនអាចមកញញឹមថតរូបកើតឡើយ ហើយនាងជឿថា មនុស្សទូទាំងប្រទេស ក៏មានអារម្មណ៍ដូចជានាងដែរ។ ចុងក្រោយ Ning បានឱ្យដឹងថា នាងបញ្ចេញមតិទៅបែបនេះ នាងមិនខ្លាច Sand ប្តឹងនោះទេ បើខ្លាចនាងនឹងមិនធ្វើឡើយ អ្វីដែលខុសក៏ថាទៅតាមខុស បើច្បាប់ថានាងខុស ក៏នាងព្រមទទួលថាខ្លួនខុស នាងធ្វើអ្វីនាងគិតមុនអស់ហើយ៕