កំពូលកូន! ឃើញម្តាយវិជ្ជមានកូវីដ បែរជាទុកចោលមិនខ្វល់ ឱ្យម្តាយដើររាប់គីឡូរកកន្លែងព្យាបាលខ្លួនឯង
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មានព័ត៌មានមួយបានធ្វើផ្ទុះការស្រណោះអាណិតពាសពេញបណ្តាញសង្គមថៃតែម្តង ដោយមានស្រ្តីចំណាស់ម្នាក់កើតកូវីដ ត្រូវកូនទុកចោលឱ្យរកកន្លែងព្យាបាលខ្លួនឯង ធ្វើឱ្យគាត់សុខចិត្តដើររាប់គីឡូដី មិនហ៊ានហៅឡានជិះ សូម្បីតែបត់ជើងក៏មិនចូលបន្ទប់ទឹក សុខចិត្តដើររកព្រៃ។
តាមការសួរនាំបានឱ្យដឹងថា ស្ត្រីម្នាក់នេះមានអាយុ ៥២ ឆ្នាំ បានមកស្នាក់នៅជាមួយកូននាខេត្តផេចឆៈប៊ូន ប្រទេសថៃ ក្នុងនោះកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ កូនក៏បាននាំគាត់មកតេស្តកូវីដនៅគ្លីនិកមួយកន្លែង ហើយក្រោយពីដឹងថាគាត់វិជ្ជមាន កូនរូបនេះក៏បានទុកគាត់ចោលនៅទីនោះ ហើយឱ្យរកផ្លូវត្រឡប់ទៅព្យាលបាននៅខេត្តលប់បុរី ជាស្រុកកំណើតដោយខ្លួនឯង។
ដោយឡែក ស្រ្តីជាម្តាយរូបនេះ មិនហ៊ានហៅឡានជិះឡើយ ព្រោះខ្លាចចម្លងទៅដល់អ្នកដទៃ ទើបគាត់សុខចិត្តចិត្តដើរម្នាក់ឯងមកជារឿយៗ មិនចូលកន្លែងណាផ្តេសផ្តាសឡើយ ថែមទាំងស្រែកប្រាប់មិនឱ្យគេចូលមកក្បែរទៀត សូម្បីតែឈឺបត់ដៃបត់ជើងក៏មិនហ៊ានរកបង្គន់ដែរ សុខចិត្តទៅរកព្រៃ។
យ៉ាងណាមិញ ក្រោយពីដឹងដំណឹង ខាងមន្ត្រីប្រចាំតំបន់ក៏បានបញ្ចូនឡានពេទ្យឱ្យនាំស្ត្រីរូបនេះទៅព្យាបាលនៅខេត្តលប់បុរីវិញ ហើយចំណែកមហាជនក៏នាំគ្នាកើតការហួសចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាកូនហ៊ានបណ្តោយម្តាយឱ្យតែលតោលទាំងជំងឺជាប់ខ្លួនបែបនេះសោះ៕