ខឹងប្តីចូលផ្ទះយឺត ពួយប្រាវៗ ដល់ម៉ែក្មេកលូកម៉ាត់ពួយទាំងម៉ែក្មេក ប្តីទាល់តម្រិះដើរចូលប៉ុស្តិ៍ឱ្យប៉ូលិសចាប់
បុរសម្នាក់ពិបាកចិត្តតប់ប្រមល់ខ្លាំង ព្រោះគិតថាខ្លួនជាដើមហេតុធ្វើឱ្យម្តាយ និង ប្រពន្ធឈ្លោះ ក៏សម្រេចចិត្តដើរទៅប៉ុស្តិ៍ប៉ូលិសឱ្យចាប់ខ្លួនវិញ បង្កឱ្យមានភាពភ្ញាក់ផ្អើលហួសចិត្តខ្លាំងដល់មហាជន។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះ មានអាយុ ៣៤ ឆ្នាំ មានមុខរបជាជាងសាក់ នៅខេត្តនុន្ទបុរី ប្រទេសថៃ ហើយដំបូងឡើយគេបានឈ្លោះគ្នាជាមួយប្រពន្ធ ដោយសារតែរឿងទៅជួយលាបផ្ទះមិត្តភក្តិ ហើយចូលមកផ្ទះវិញយឺត។
ក្នុងនោះប្រពន្ធរបស់គេក៏បានជេរគេខ្លាំងៗ ធ្លាយដល់ជេរដៀលញាតិសន្តានជីដូនជីតា ទើបម្តាយរបស់បុរសខាងលើដែលនៅផ្ទះជាមួយនោះ កើតការមិនពេញចិត្តរហូតឈានដល់ការឈ្លោះគ្នាយ៉ាងខ្លាំងជាមួយកូនប្រសាផ្អើលអស់អ្នកភូមិ។
ដោយឡែក ភ្លាមៗបុរសម្នាក់នេះ ពិតជាពិបាកចិត្តខ្លាំង ព្រោះមិនដឹងត្រូវជួយខាងណា ហើយថែមទាំងគិតថាខ្លួនឯងជាដើមហេតុទៀត ក៏សម្រេចចិត្តទៅជក់កញ្ឆា រួចក៏ដើរចូលប៉ុស្តិ៍ប្តឹងប៉ូលិសឱ្យចាប់ខ្លួនករណីជក់កញ្ឆាតែម្តង។
ម្យ៉ាងគេក៏ចង់ជាប់គុកឱ្យបាត់ៗទៀត ព្រោះមិនចង់មកជួបរឿងតប់ប្រមល់បែបនេះ។ យ៉ាងណាមិញ ប៉ូលិសបានឱ្យដឹងថា ករណីជក់កញ្ឆារបស់បុរសម្នាក់នេះ មិនធ្ងន់ធ្ងររហូតជាប់គុកនោះទេ ហើយចុងក្រោយគេក៏បានលួងគេឱ្យស្ងប់ចិត្តផងដែរ ដោយអះអាងថានឹងជួយសម្របសម្រួលរឿងគ្រួសារឱ្យថែមទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖