រំភើបចិត្តណាស់! ទីបំផុត តាចេក បានមកជួបលោកស្រី ទ្រី ដាណា ទាំងឈឺជើង ដោយទទួលបានអំណោយទាំងនេះ
កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ ម្សិលមិញនេះ តាមរយៈផេកផ្លូវការរាជិនីចិត្តធម៌ ទ្រី ដាណា ដែលមានឈ្មោះ ទ្រី ដាណា Dana Try បានប្រកាសផ្ដល់ជំនួយជូន តាចេក ដើម្បីទទួលបានដើមទុន យកទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិតបន្ថែម ជាមួយក្រុមគ្រួសារដ៏កក់ក្ដៅរបស់លោក ដែលមាន តាចេក ជាមេគ្រួសារ ក៏ដូចជាអ្នករ៉ាប់រងបន្ទុកផងដែរ។
ការប្រកាសផ្ដល់ជំនួយបែបនេះ ធ្វើឡើងក្រោយតារាកំប្លែងជើងចាស់ តាចេក បានជួបគ្រោះជីវិតផ្ទួនៗ ដោយមានទាំងក្រឡាប់កង់បីរបួស ដោយទាំងកូនទៀតផង ស្ទើរតែប៉ះពាល់ទៅដល់ជីវិត ដែលធ្វើឱ្យមហាជន និង លោកស្រី ទ្រី ដាណា សម្ដែងនូវអារម្មណ៍អាណិតអាសូរជាអនេក។
ដោយឡែក ឈានចូលមកដល់រសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ លោកស្រី ទ្រី ដាណា បានបង្ហោះឱ្យបានដឹងថា លោកស្រីបានជួបលោកតាចេកហើយ ដោយអាណិតគាត់ ហើយក៏គួរឱ្យគោរពខ្លាំងណាស់។
ក្នុងនោះ លោកស្រីបានជូនគាត់ជាទឹកប្រាក់ចំនួន ២០០០ ដុល្លារ និង អំណោយស្បៀងអាហារមួយចំនួន ខណៈលោក តាចេក បានប្រាប់លោកស្រីថា ៖ «មិនសុំជំនួយអ្នកណាទេ ខ្លាចប៉ះពាល់កិត្តិយសសិល្បករចាស់ៗ តែបើគេជូនគឺជាបុណ្យ»។ ក្នុងនោះ តាចេក បានបន្តទៀតថា ៖ «ចង់ទិញរឺម៉កស្រាលៗ តម្លៃជាង ៣០០ ដុល្លារ ដើម្បីដឹកបន្លែ ផ្លែឈើទៅលក់ ព្រោះអាមុនធ្ងន់ពេក ទើបក្រឡាប់»។ ដូច្នេះហើយរាជនីចិត្តធម៌ ទ្រី ដាណា បានជូនតាចេក ២ ពាន់ដុល្លារ គ្រាន់ទុកមើលខ្លួនផង ព្រោះមើលទៅគាត់មិនទាន់ជាស្រួលបួល នៅឈឺជើងទៀត ដើរចេញទៅនៅមិនទាន់ត្រង់ផង៕