ធ្នស់តាព្រំរមណីយដ្ឋានធម្មជាតិថ្មីនៅកំពង់ធំ
បន្ទាប់ពីប្រាសាទសំបូរព្រៃគុក ដែលបានដាក់បញ្ចូលក្នុងបណ្ជីរសម្បត្តិបេតិភ័ណ្ឌពិភពលោក អស់រយៈពេលមួយឆ្នាំមកនោះ ខេត្តកំពង់ធំមានរមណីយដ្ឋាន ធម្មជាតិ រមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្ត្រ និង រមណីយដ្ឋាន ដែលទើបបង្កើតថ្មីជាច្រើនទៀតដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ។
ធ្នស់តាព្រំ ជារមណីយដ្ឋានធម្មជាតិថ្មីមួយទៀត ដែលខេត្តកំពង់ធំ ក៏ដូចជាក្រសួងទេសចរណ៍ ទើបសម្រេចបង្កើតជាផ្លូវការនាដើម ឆ្នាំ ២០១៨ នេះ ។ ធ្នស់តាព្រំ មានទីតាំងស្ថិតនៅក្នុងបរិវេណ វត្តធ្នស់តាព្រំ ក្នុង ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ នៅទីនោះ ជាតំបន់មួយមានសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរ រួមមានសម្បត្តិវប្បធម៌ រុក្ខជាតិតូចធំ ជាជម្រកសត្វគ្រប់ប្រភេទ មានស្ទឹង មានទឹកហូរកាត់ផ្ទាំងថ្ម គ្រប់រដូវកាល បង្កើតបានជាទេសភាពគួរឱ្យគយគន់ ។
បើតាមការបញ្ជាក់ពីមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ដោយឃើញរមណីយដ្ឋានធម្មជាតិ ធ្នស់តាព្រំនេះ មានលក្ខណធម្មជាតិសុទ្ធសាទមិនទាន់មានការកែឆ្នៃ ទើបមន្ទីរ ក៏ដូចជាក្រសួងទេសចណ៍ សម្រេចបង្កើតជារមណីយដ្ឋានទេសចរណ៍ថ្មីតែម្តង ហើយក្រោយពេលបង្កើតជាផ្លូវការហើយ នៅទីនេះនឹងមានភាពទាក់ទាញថែមមួយកម្រិតទៀត ៕
ដោយ៖សុថាត់