ប្រើក្បាច់នេះ មិនដល់មួយឆ្នាំផង Yui និង ស្វាមី លក់កាបូបអនឡាញសល់លុយរាប់សែនដុល្លារ
ខណៈពេលដែលប្រទេសកំពុងតែជួបនូវការរីករាតត្បាតជំងឺកូវីដ-១៩ វិស័យសេដ្ឋកិច្ចក៏ត្រូវបានដាំក្បាលចុះ ក្នុងនោះគេឃើញថាប្រជាជនម្នាក់ៗប្រឹងរៀងៗខ្លួនក្នុងការរកវិធីសាស្ត្រដោះស្រាយជីវភាពរបស់ខ្លួន និង ធ្វើយ៉ាងណាដើម្បីឱ្យទទួលបានប្រាក់ចំណូលសមល្មមអាចទប់ទល់នឹងស្ថានភាពកូវីដ-១៩ បាន។
ជាមួយគ្នានោះ ងាកទៅមើលប្ដីប្រពន្ធកំពូលតារាថៃមួយគូគឺ តារាស្រី Yui Chiranan និង តារាប្រុស Than Thanakorn ឯណេះវិញ បន្ទាប់ពីពើបប្រទះក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ការងារសិល្បៈក៏ពុំសូវដំណើរការ ដូចនេះតារាប្រុសស្រីមួយគូនេះក៏បានកាន់ដៃគ្នាផ្តើមរកស៊ីលើបណ្ដាញសង្គមអនឡាញដោយឡាយលក់ផលិតផលច្រើនប្រភេទរួមមាន កាបូប និង ម្ហូបអាហារកញ្ចប់ជាដើម។
ជាមួយនឹងការរកស៊ីនេះ តារាប្រុសស្រីមួយគូនេះ ពុំនឹកស្មានថាខ្លួនឯងទទួលបានជោគជ័យខ្លាំងនោះឡើយ។ ក្នុងបទសម្ភាសសារព័ត៌មានក្នុងស្រុកមួយ តារាស្រី Yui និង ស្វាមីបានទម្លាយឱ្យដឹងថា ពេលនេះមុខរបរអ្នកទាំងពីរកំពុងតែទទួលបាននូវភាពជោគជ័យខ្លាំង ពោលមិនត្រឹមប៉ុន្មានម៉ោងផងសម្រាប់ការឡាយលក់ ពួកគេអាចរកចំនូលបានដល់រហូតទៅ ៣ លានបាតឯណោះ ដែលស្មើប្រមាណជាង ៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។
ក្នុងនោះផងដែរ សម្រាប់ការឡាយលក់កាបូបវិញ គឺប្រើពេលត្រឹម ១ ម៉ោងពួកគេលក់អស់ចំនួន ៦០ កាបូបឯណោះពិតមិនធម្មតា។ ជាមួយនឹងភាពជោគជ័យនេះ សម្រាប់មហាជនក៏មានការអួតសរសើរផងដែរនូវការខិតខំរបស់ពួកគេដែលប្រឹងប្រែងរហូតទទួលបានជោគជ័យខ្លាំង អាចនិយាយបាន មិនត្រឹមតែពូកែសម្ដែងប៉ុណ្ណោះទេ ថែមទាំងពូកែខាងរកស៊ីទៀត។