វីតាល់ ទទួលបានសិទ្ធិផ្តាច់មុខជាដៃគូសហការជាមួយនឹង SONY PICTURES លើខ្សែភាពយន្ត SPIDER-MAN™: NO WAY HOME
កេសថ្មី វីតាល់ X មនុស្សពីងពាង នឹងមានលក់ក្នុងខែធ្នូនេះ នៅតាមហាងនានាក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅរោងភាពយន្តលេជេន អ៊ីដេនហ្គាដេន កាលពីព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនទឹកពិសាវីតាល់បានប្រកាសទទួលសិទ្ធិជាក្រុមហ៊ុនភេសជ្ជៈតែមួយគត់ប្រចាំកម្ពុជា សហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញពេញពិភពលោក។ ក្នុងនោះផងដែរ សន្និសីទសារព័ត៌មានរយៈពេលកន្លះថ្ងៃនេះ ក៏មានការចូលរួមពីសំណាក់គណៈគ្រប់គ្រង និង បុគ្គលិកនៃក្រុមហ៊ុនទឹកពិសាវីតាល់ អ្នកសារព័ត៌មាន អ្នកគាំទ្រ និង អតិថិជនរបស់វីតាល់ប្រមាណជា ៥០ នាក់។
នេះជាលើកទី ២ ដែលវីតាល់ចាប់ដៃគូសហការជាមួយភាពយន្ដ មនុស្សពីងពាង ខ្សែស្រឡាយ Homecoming បន្ទាប់ពីទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជនក្នុងកិច្ចសហការលើកទី ១ ជាមួយនឹងរឿង «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ» កាលពីឆ្នាំ ២០១៩ កន្លងទៅ។
ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសចេញលក់នូវផលិតផល Vital x Spider-Man ដែលបានព្រីនជាប់នឹងកេសផលិតផលវីតាល់ចំណុះ 500mL នាដើមខែធ្នូនេះ នៅគ្រប់ទីផ្សារទាំងអស់ទូទាំងប្រទេស។ កេសថ្មីវីតាល់រំលេចនូវរចនាបថបែបទាន់សម័យ កាន់តែប្លែកអារម្មណ៍ជាមួយនឹងរូបតួអង្គមនុស្សពីងពាង តួអង្គ Doctor Strange និង ពហុចក្កវាលមិនធ្លាប់មានពីមុនមក នៅផ្ទៃខាងមុខកេស អមជាមួយនឹងខ្លឹមសារថា «លាតត្រដាងនូវភាពមហស្ចារ្យ» ឬ «Unmask A Premium Experience» ជាភាសាអង់គ្លេស នៅចំផ្ទៃខាងលើនៃកេស។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនទឹកពិសាវីតាល់ មានចំណាប់អារម្មណ៍នៅក្នុងសន្និសីទសារព័ត៌មានថា «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងនាមជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកតែមួយគត់ ដែលចាប់ដៃគូសហការជាមួយភាពយន្ដខ្នាតធំ Spider-Man: No Way Home ដែលកំពុងល្បីល្បាញពេញពិភពលោក»។ បន្ថែមពីនេះទៀត លោកបានបន្តថា «ក្រៅពីផ្តោតសំខាន់លើការផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ វីតាល់ជានិច្ចកាលតែងតែខិតខំអភិវឌ្ឍជាប្រចាំលើប្រណិតភាពថ្មីប្លែកចម្លែកអាម្មណ៍ ភាពច្នៃប្រឌិតទាន់សម័យ និង ភាពងាយស្រួល ដើម្បីឱ្យសមស្របតាមតម្រូវការប្រើប្រាស់របស់អតិថិជននាពេលបច្ចុប្បន្ន»។
យុទ្ធនាការផ្សព្វផ្សាយកេសថ្មីនេះ នឹងមាននៅតាមផ្ទាំងប៉ាណូ និង ប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនទូទាំងប្រទេសបានស្គាល់រូបរាងកេសដ៏ល្អអស្ចារ្យមួយនេះ។
គួរបញ្ជាក់ផងដែរថា «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើរហេរ៉ូដ៏ល្បីល្បាញ របស់ផលិតកម្ម Marvel Studio ដោយមានការចូលរួមសម្ដែងពីតារាភាពយន្តហូលីវូដជាច្រើនរូប ហើយរឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ទីថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021 ខាងមុខនេះតទៅ។
អំពីខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត»
ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត Spider-Man អត្តសញ្ញាណរបស់តួអង្គមនុស្សពីងពាងត្រូវបានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ និង ធ្វើឱ្យអ្នកជុំវិញខ្លួនជួបហានិភ័យជាច្រើន។ នៅពេលដែល Spider-Man សុំជំនួយពី Doctor Strange ឱ្យជប់សិល្ប៍ ដើម្បីស្ដារអាថ៌កំបាំងរបស់គាត់ សិល្ប៍នោះបានបង្កើតជាចលាចលដែលបង្កឱ្យបីសាចកំណាចក្រៅភពជាច្រើនចូលមកអុកឡុកក្នុងផែនដី។ ឥឡូវនេះ Peter នឹងត្រូវជម្នះឧបសគ្គដ៏ធំបំផុតរបស់គាត់ ដែលនឹងមិនត្រឹមតែផ្លាស់ប្តូរអនាគតរបស់គាត់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែផ្លាស់ប្តូរដល់អនាគតនៃពហុចក្កវាលផងដែរ។
ខ្សែភាពយន្តនេះដឹកនាំដោយលោក Jon Watts និពន្ធដោយ Chris McKenna & Erik Sommers ដោយផ្អែកលើសៀវភៅ MARVEL Comic Book ដោយ Stan Lee និង Steve Ditko ។ ផលិតកររួមមានលោក Kevin Feige និង Amy Pascal ផលិតករប្រតិបត្តិរួមមាន Louis D’Esposito, Victoria Alonso, JoAnn Perritano, Rachel O’Connor, Avi Arad និង Matt Tolmach ។ ខ្សែភាពយន្តនេះសម្តែងដោយ Tom Holland, Zendaya, Benedict Cumberbatch, Jacob Batalon, Jon Favreau ជាមួយ Marisa Tomei៕