ថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញពីការចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ និង ការស្ដារកែលម្អដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលគម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១។
បើតាមការបញ្ជាក់ពីក្រសួង បានឱ្យដឹងថា គម្រោងនេះនឹងចូលរួមសម្រួលចរាចរណ៍ លើកកម្ពស់សោភណ្ឌភាពទីក្រុង ទាក់ទាញទេសចរ និង វិនិយោគិន ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ធានាជំរុញអភិវឌ្ឍក្រុងសៀមរាប ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និង ទេសចរណ៍ពិភពលោក ឱ្យក្លាយទៅជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ។
ជាក់ស្ដែងមកទល់ពេលនេះ គម្រោងរចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ សម្រេចបានដល់ទៅ ៨៩,៣៩% ខណៈគម្រោង កែលម្អដងស្ទឹងសៀមរាប កំពុងតែដំណើរការជាបន្តបន្ទាប់ ដែលគេសង្កេតឃើញថា សម្រស់ក្រុងសៀមរាប ចាប់ផ្ដើមប្រែប្លែកស្អាតបន្តិចម្ដងៗ ដែលមានការកែលម្អរចនាសម្ព័ន្ធផ្លូវ ទីធ្លាមាត់ស្ទឹង មើលឡើងប្លែកនេត្រាសឹងមិនស្គាល់ ធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចាប់អារម្មណ៍ក្រៃលែង។
គួរឱ្យដឹងផងដែរថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ ប្រវែងសរុប ១០៨.៧៤ គីឡូម៉ែត្រ ត្រឹម ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ រួមមាន ការងារស្ថាបនាតួផ្លូវ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និង លូទឹកភ្លៀង និង ការងារដំឡើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខាចរាចរណ៍ និង ការដាំដើមឈើ ជាដើម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖