ផ្អើលហើយ សឿ សុធារ៉ា មេតុងទីនទទួលកំហុសសុំទោស ខ្ញុង កូនតុងទីន ព្រោះច្រឡំផុសថានាងជំពាក់
ជឿថាប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈប្រាកដជាបានជ្រាបហើយថា នៅលើបណ្ដាញសង្គមថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយទាក់ទងនឹងការជំពាក់លុយតុងទីនរវាងតារាសម្ដែង សឿ សុធារ៉ា និង តារាកំប្លែង ខ្ញុង ដោយកាលពីដើមចមដំបូង សឿ សុធារ៉ា បានប្រកាសក្ដែងៗនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្ញុង បានជំពាក់លុយនាងមិនសង។
រឿងរ៉ាវអាស្រូវលុយកាក់ខាងលើបានផ្ទុះកាន់តែខ្លាំង ដោយក្នុងនោះមានអ្នកគាំទ្រមួយចំនួនយល់ថា តារាកំប្លែង ខ្ញុង ពិតជាបានជំពាក់លុយតារាស្រី សឿ សុធារ៉ា ពិតមែន។ រំលងមិនប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែង ខ្ញុង ស្រាប់តែបង្ហោះសារថ្មីមួយ ទំនងដូចជាចង់ឆ្លើយតបទៅរឿងរ៉ាវខាងលើនេះវិញថា ៖ «មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំឱ្យអ្នកមានវិប្បដិសារី នៅថ្ងៃក្រោយដោយសារតែការគិតអគតិ ដោយសារតែអណ្ដាតអត់ឆ្អឹង និង មាត់អត់គម្របរបស់អ្នក»។
ដោយឡែក គ្រាន់តែ ខ្ញុង បង្ហោះសារខាងលើមិនបានប៉ុន្មាន ស្រាប់តែតារាសម្ដែង សឿ សុធារ៉ា ស៊ែរការផុសនេះ ហើយសរសេរ Caption ក្នុងន័យទារលុយពី ខ្ញុង ថា ៖ «សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ»។
ងាកមកតារាកំប្លែក ខ្ញុង វិញ គ្រាន់តែឃើញអ្នកនាង សឿ សុធារ៉ា ស៊ែរផុសរបស់ខ្លួន ហើយថែមទាំងប្រកាសឱ្យនាងសងលុយបែបនេះ តារាកំប្លែង ខ្ញុង ក៏បានចូលទៅខំមិន ដោយឱ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយផ្ទាល់ៗថាអ្នកណាជំពាក់អ្នកណាឱ្យពិតប្រាកដ ៖ «ចេញមុខមកកុំលាក់ខ្លួនអ៊ីចឹង ធារ៉ា ចេញមកដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឱ្យច្បាស់អ្នកណាជំពាក់អ្នកណា»។
បន្ទាប់ពីរឿងរ៉ាវនេះបានផ្ទុះបែកសាយពេញបណ្តាញសង្គម ព្រមជាមួយតារាកំប្លែង ខ្ញុង ទាមទារយុត្តិធម៌ផងនោះ ស្រាប់តែនៅយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថ្មីមួយទៀតយ៉ាងភ្ញាក់ផ្អើល ដោយក្នុងសារនេះអ្នកបានធ្វើការសុំទោសជាសាធារណៈ ដែលចោទតារាកំប្លែង ខ្ញុង ថាបានជំពាក់លុយតុងទីនមិនសង ដោយអ្នកនាងថា ការផុសសារលើកមុននោះគឺជាការយល់ច្រឡំថ្ងៃខែខ្លួនឯង។
បើងាកទៅតារាកំប្លែង ខ្ញុង វិញ ក្រោយតារាស្រី សឿ សុធារ៉ា បង្ហោះសារសុំទោសហើយនោះ នាងក៏បានបញ្ជាក់យ៉ាងខ្លីដែរថា នាងត្រូវតែទទួលបានយុត្តិធម៌ផងដែរ៕