ភ្លេចៗខ្លួន! វីរុសកូរ៉ូណា ឆក់យកជីវិតពលរដ្ឋអាមេរិកលើសជំងឺរាតត្បាតកាលពីជាង ១០០ ឆ្នាំមុនទៅទៀត
រយៈពេលប្រមាណជាង ១ សតវត្សរ៍កន្លងទៅ ភពផែនដីបានជួបប្រទះសោកនាដកម្មស្លាប់មនុស្សច្រើនបំផុតជាប្រវត្តិសាស្ត្រ ដោយសារតែវីរុសរាតត្បាតជាសកលមួយ។
នៅក្នុងឆ្នាំ ១៩១៨ វីរុសផ្ដាសាយរាតត្បាតជាសកល បានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ៥០ លាននាក់លើពិភពលោក ដោយក្នុងនោះប្រមាណជា ៦៧៥ ០០០ នាក់ គឺរកឃើញក្នុងសហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង។
បើងាកមកពេលបច្ចុប្បន្នវិញ ត្រឹមរយៈពេលត្រឹម ១៨ ខែប៉ុណ្ណោះនៃការចូលមកនៃវីរុសកូរ៉ូណា វាក៏បានឆក់យកជីវិតពលរដ្ឋអាមេរិក ច្រើនជាងវីរុសរាតត្បាតកាលពីជាង ១០០ ឆ្នាំមុនទៅទៀត។ និយាយជារួម ពលរដ្ឋអាមេរិកប្រមាណ ៦៩៦ ៨៦៧ នាក់ហើយ ដែលត្រូវបានបាត់បង់ជីវិត គិតចាប់តាំងពីវីរុសកូរ៉ូណារាតត្បាតជាសកលលើកដំបូងមក ខណៈជីវិតមនុស្សរាប់ពាន់នាក់ផ្សេងទៀត នៅបន្តបាត់បង់ជារៀងរាល់ថ្ងៃ។
ជាការពិតណាស់ ការបាត់បង់ជីវិតមនុស្សច្រើនលើសលប់ជាងជំងឺឆ្លងកាលពីឆ្នាំ ១៩១៨ គឺជាការបាត់បង់ដ៏ធំធេងជាប្រវត្តិសាស្ត្រក៏ពិតមែន ប៉ុន្តែអ្នកជំនាញបានលើកឡើងថា វីរុសរាតត្បាតជាសកលទាំង ២ នេះ គឺនៅមានចំណុចខុសគ្នាដែលគួរលើកយកមកពិចារណា។
ថ្លែងប្រាប់សារព័ត៌មាន ABC News លោកសាស្ត្រាចារ្យ Howard Markel បានលើកឡើងថា ៖ «នេះជាវីរុស ២ ផ្សេងគ្នា កើតឡើងក្នុងពេលវេលាជាប្រវត្តិសាស្ត្រខុសគ្នា ហើយនៅពេលវេលាប្រវត្តិសាស្ត្រសុខាភិបាលក៏ខុសគ្នា ដោយសម័យបច្ចុប្បន្នយើងមានការព្យាបាល និង ទប់ទល់នឹងជំងឺប្រសើរជាងជំនាន់មុន»។
មួយវិញទៀត បើប្រៀបធៀបរវាងវីរុសរាតត្បាតជាសកលទាំង ២ នេះ យើងចាំបាច់ត្រូវចាំថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានប្រជាជនច្រើនជាងអាមេរិកក្នុងឆ្នាំ ១៩១៨។ ជារួមទៅ នៅពេលដែលយើងធ្វើការប្រៀបធៀបចំនួនមនុស្សម្នាក់ៗ វីរុសរាតត្បាតជាសកលក្នុងឆ្នាំ ១៩១៨ គឺមានភាពកាចសាហាវជាងវីរុសរាតត្បាតនាពេលបច្ចុប្បន្ន នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រ McKnight Nichols។
តាមការបញ្ជាក់របស់លោកប្រាប់សារព័ត៌មាន ABC News បានឱ្យដឹងថា ៖ «ភាពខុសគ្នានោះគឺថា ម្នាក់ក្នុងចំណោមពលរដ្ឋអាមេរិក ៥០០នាក់គឺបានស្លាប់នាពេលបច្ចុប្បន្ន ហើយបើប្រៀបធៀបទៅឆ្នាំ ១៩១៨ វិញ គឺមានម្នាក់ក្នុងចំណោម ១៥២ នាក់បានស្លាប់»។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែស្ថិតនៅលេខរៀងទី ១ ដែលជាប្រទេសមានអ្នកឆ្លង និង ស្លាប់ដោយវីរុសកូវីដ-១៩ ច្រើនជាងគេបំផុតលើពិភពលោក ដោយអ្នកឆ្លងសរុបចំនួន ៤៣ ២៤២ ៣០២ នាក់ និងអ្នកស្លាប់ចំនួន ៦៩៦ ៨៦៧ នាក់៕
ប្រភព៖ ABC News