ទម្លាយមូលហេតុ Justin មុខមិនរីក ពេលបណ្តើរប្រពន្ធចូលរួមកម្មវិធី Met Gala (វីដេអូ)
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ នៅបរិវេណខាងក្រៅកន្លែងប្រារព្ធកម្មវិធី Met Gala មានហេតុការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតមានឡើង នៅពេលអ្នកគាំទ្រមួយក្រុម បាននាំគ្នា ស្រែកហៅឈ្មោះ Selena ផ្ទួនៗជាច្រើនដង នៅពេលដែលពួកគេបានឃើញតារាចម្រៀង Justin Bieber និង ភរិយាលោក Hailey Bieber កំពុងឈរថតរូប។
តាមសារព័ត៌មាន Page Six បានចេញផ្សាយថា តារាចម្រៀង Justin Bieber ត្រូវរងការរំខានពីអ្នកគាំទ្រមួយចំនួន នៅពេលដែលពួកគេបាននាំគ្នាស្រែកហៅឈ្មោះ Selena បើទោះបីជាដឹងថា តារាចម្រៀងស្រីរូបនោះ មិនមានវត្តមានក្នុងកម្មវិធីហ្វេសសិននេះក៏ដោយ។
ការស្រែកហៅឈ្មោះ Selena នៅនឹងមុខ Justin អំឡុងពេលដើរលើកម្រាលព្រំកិត្តិយសនោះ បានធ្វើឱ្យម្ចាស់បទ «Baby» រូបនេះ បង្ហាញទឹកមុខហាក់មិនពេញចិត្តជាខ្លាំង និង មិនមានបង្ហាញស្នាមញញឹមទាល់តែសោះ។
គួររំឭកថា នេះមិនមែនជាលើកទី ១ ឡើយ ដែល Justin Bieber និង ប្រពន្ធរងការវាយប្រហារពីសំណាក់មហាជនអ្នកគាំទ្រនោះ។ ជាក់ស្ដែងនៅអំឡុងពេលចុះសំបុត្រអាពាហ៍ពិពាហ៍ កាលពីខែកក្កដា ឆ្នាំ ២០១៨ Justin ក៏ត្រូវបានមហាជនរិះគន់ថា ជាបុរសមិនល្អ។ ស្របពេលនោះ Hailey ក៏ត្រូវបានគេម៉ាក់ងាយដូចគ្នា។
ទោះជាយ៉ាងណា ទង្វើរបស់អ្នកគាំទ្រទាំងនេះ ក៏ត្រូវបានមហាជនមួយចំនួនផ្សេងទៀត បង្ហាញការមិនពេញចិត្តផងដែរ និង ទទូចឱ្យពួកគេបញ្ឈប់ទង្វើមិនសមរម្យទាំងនោះជាបន្ទាន់៕
ប្រភព៖ Page Six