អាយុក្បែរ ៥០ ឆ្នាំទៅហើយ តែតារាប្រុស ៥ រូបនេះ នៅតែខ្លាំងគ្មានអ្នកផ្ដួលបាន
ដូចពាក្យចាស់លោកថាមែន ខ្ញីកាន់តែចាស់កាន់តែហឹរ។ សម្រាប់កំពូលតារាសម្ដែងថៃជួរមុខ ៥ ដួង ដែលបច្ចុប្បន្នមានអាយុក្បែរ ៥០ ឆ្នាំទៅហើយនោះ តែនៅសង្ហា ល្បីល្បាញខ្លាំង និង ក្ដាប់បានតំណែងជាតួឯកមករហូត ទោះបីពេលនេះ មានតារាពន្លកថ្មីសង្ហាៗ មានសមត្ថភាព រះច្រើនព្រោងព្រាតក៏ដោយ ក៏នៅតែពុំអាចជំនួសតំណែងតារាទាំងនេះបាន។ ក្នុងនោះរួមមាន៖
១. តារាប្រុស Ken Theeradeth
កើតនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ១៩៧៧ បច្ចុប្បន្នមានអាយុ ៤៤ ឆ្នាំ Ken នៅតែសង្ហាខ្លាំង ទោះបីមានប្រពន្ធ និង កូន ២ នាក់ទៅហើយក្ដី។ ប្រឡូកចូលក្នុងវិស័យសិល្បៈសម្ដែងតាំងតែអាយុ ៧ ឆ្នាំ ដោយហេតុមានឈាមជ័រជាអ្នកសិល្បៈផង តារាប្រុសរូបនេះចេះតែងវិវឌ្ឍខ្លួនមករហូតដល់ពេលនេះហើយ នៅតែគ្មានតារាប្រុសណាម្នាក់ដណ្ដើមតួរបស់លោកបានឡើយ។
២. តារាប្រុស Tik Jesdaporn
តារាប្រុសមុខប្រជាប្រិយ Tik Jesdaporn បានកើតនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៧៧ បច្ចុប្បន្នមានអាយុ ៤៤ ឆ្នាំ។ តារាប្រុសរូបនេះ មានរូបរាងសង្ហា និង ទេពកោសល្យពីកំណើត ដោយក្លាយជាតារាប្រុសក្នុងដួងចិត្តមហាជនថៃ និង អ្នកគាំទ្រក្រៅស្រុកផងដែរ។ ឈានជើងក្នុងវិស័យសម្ដែងមករាប់ឆ្នាំ តារា ប្រុស Tik បានឆ្លងកាត់នូវការសម្ដែងរាប់មិនអស់ដែលភាគច្រើនគឺជាតួឯក។
៣. តារាប្រុស Adrew Gregson
សម្រាប់តារាប្រុសកូនកាត់ថៃ-អង់គ្លេស លោក Adrew Gregson កើតនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៧៨ បច្ចុប្បន្នមានអាយុ ៤៣ ឆ្នាំ។ ជាតារាប្រុសមួយដួងក្នុងចំណោមតារាប្រុសជួរមុខផ្សេងទៀត លោក Adrew បានចូលសម្ដែងក្នុងខ្សែភាពយន្ត និង រឿងភាគរាប់មិនអស់។ ជាមួយទេពកោលស្យដ៏ល្អឯកនេះ លោកបានក្ដាប់នូវតួឯកមិនឱ្យរបេះនោះឡើយ។
៤. តារាប្រុស Pong Nawat
ដោយឡែកងាកមកមើលកំពូលតារាប្រជាប្រិយ Pong Nawat វិញ លោកកើតនៅ ១០ ខែកក្កដា ឆ្នាំ ១៩៧៨ សព្វថ្ងៃមានអាយុ ៤៣ ឆ្នាំ តែពុំទាន់មានគូស្រករនឹងគេឡើយ។ Pong Nawat ជាតារាប្រុសមុខមានមន្តស្នេហ៍ភាគច្រើនសម្ដែងជាតួប្រុសសាវា ក្នុងរឿងដែលធ្វើឱ្យតួស្រីតែងតែទឹកភ្នែករហូត។ សិល្បៈសម្ដែងរបស់តារាប្រុសរូបនេះ បានដិតជាប់ក្នុងអារម្មណ៍មហាជនខ្លាំងណាស់ មិនថា ក្មេង ឬ មនុស្សចាស់នោះទេ ហើយលោកក៏ជាជើងខ្លាំងមួយរូបដែលគ្មានតារាស្រករក្រោយបំបាក់បានដែរ មិនថា រូបសម្រស់ និង សមត្ថភាព។
៥. តារាប្រុស Sarut Vichtrananda
មិនខុសពីតារាខាងលើ លោក Sarut Vichtrananda កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៧២ សព្វថ្ងៃនេះមានអាយុ ៤៨ ឆ្នាំទៅហើយ តែរូបសម្រស់នៅតែស្រស់សង្ហាដដែល រីឯទេពកោលស្យក៏កាន់តែខ្លាំងមិនធម្មតា។ កាលពីពេលថ្មីៗនេះ តារាប្រុស Sarut បានលេចវត្តមានសម្ដែងជាតួអង្គឃុន ម៉ឺន ក្នុងរឿង «បុព្វេសន្និវាស» ដែលធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំង។ មិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ តារាប្រុសរូបនេះក៏ជាតន្រ្តីករជើងខ្លាំងម្នាក់ផងដែរ៕