ស្អាតកប់! «ទឹកធ្លាក់ឆាយខ្ពស់» នៅកោះកុង កំពុងបង្អួតសម្រស់នាវស្សានរដូវ
តំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏ប្រណីត «ជីផាត» កំពុងអន្ទងភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់រយនាក់នៅក្នុងមួយថ្ងៃៗឱ្យទៅលេងនៅទីនោះ។ ដើម្បីធ្វើដំណើរទៅកាន់ទីឋានមនោរម្យមួយនេះ ប្រិយមិត្តអាចចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកស្រែអំបិល កាត់តាមផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង ១៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និង មានចម្ងាយប្រហែល ១២៥ គីឡូម៉ែត្រពីរង្វង់មូលខេត្តកោះកុង។
ជាមួយនឹងទេសភាពធម្មជាតិស្រស់ត្រកាល មានពណ៌បៃតងខៀវស្រងាត់ គ្របដណ្តប់តំបន់សហគមន៍ «ជីផាត» ប្រៀបដូចជាឋានសួគ៌ក្រោមមេឃ និង កន្លែងកម្សាន្តដ៏ពេញនិយមទាំង ១៥ កន្លែងដែលគ្រប់គ្នាប្រាថ្នាចង់ទៅលេងកម្សាន្តនោះ «ជីផាត» ក៏មានកន្លែងដ៏ល្បីល្បាញមួយដែលអ្នកទេសចរមិនដែលរំលងនោះគឺ «ទឹកធ្លាក់ឆាយខ្ពស់»។
«ទឹកធ្លាក់ឆាយខ្ពស់» មានទីតាំងស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ទឹកធ្លាក់គួរឱ្យទាក់ទាញនេះ មានប្រភពពីជួរភ្នំក្រវាញភាគខាងត្បូង ហូរក្នុងចម្ងាយរាប់រយគីឡូម៉ែត្រ និង ហូរបន្តទៅកាន់ព្រែកជីផាត ដែលភ្ញៀវទេសចរអាចងូតទឹកថ្លាយង់ត្រជាក់ដូចទឹកអម្រឹត ស្រស់ស្រូបអាហារឆ្ងាញ់ៗ ស្ទូចត្រី បោះតង់ គយគន់ថ្ងៃលិច និង គយគន់អំពិលអំពែកនាពេលរាត្រី ជាដើម។
គួរឱ្យដឹងបន្ថែមថា ឈ្មោះសហគមន៍អេកូទេសចរណ៍ «ជីផាត» កើតចេញពីឈ្មោះតាជី និង យាយផាត ដែលជាអ្នកមករស់នៅតំបន់នេះមុនដំបូងគេ ទើបដាក់ឈ្មោះទីនោះថា «ជីផាត» ហើយត្រូវបានបង្កើតជាសហគមន៍អេកូទេសចរណ៍ជីផាតឡើងនៅឆ្នាំ ២០០៧ ក្នុងន័យទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យចូលទស្សនា៕
រូបភាពដោយ៖ 1991geek