ទម្លាយរឿងអាស្រូវធំៗបំផុតដែល Fan BingBing ជួបធ្វើឱ្យមានស្នាមលុបមិនជ្រះ ក្នុងជីវិត
Fan BingBing គឺជាតារាសម្ដែងស្រីជនជាតិចិនដ៏ល្បីមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញឈានដល់ឆាកអន្តរជាតិ តាមរយៈការសម្ដែងជាតួអង្គសំខាន់មួយ ក្នុងរឿង «Iron Man» និង «X-Men» ។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ មានចំនួនអ្នកគាំទ្រជាង ៦២ លាននាក់ នៅលើបណ្តាញសង្គម Twitter របស់ចិន Weibo ហើយលេចមុខនៅក្នុងការផ្សាយពាណិជ្ជកម្ម និង ផលិតផលប្រេនល្បីៗ ក៏ដូចជាតារាតំណែងឱ្យប្រេនម៉ាកជាច្រើន នៅជុំវិញពិភពលោក ។ ខណៈប្រជាប្រិយភាពកាន់តែរីកសុះសាយខ្លាំងឡើង តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ ក៏ធ្លាប់បានជួបនឹងរឿងអាស្រូវធំៗ ក្នុងអាជីពសិល្បៈមិនធម្មតាដែរ ពោលគឺ ធ្វើឱ្យនាងស្ទើរតែបាត់បង់គ្រប់យ៉ាងនៅក្នុងដៃ សូម្បីតែកេរ្តិ៍ឈ្មោះក្នុងវិស័យកម្សាន្តក្នុងប្រទេសចិន ។
បើនិយាយត្រឡប់ទៅកាលពីមុន នាងធ្លាប់មានរឿងចម្រូងចម្រាសទាក់ទងនឹងរឿងថតសម្ដែង អំឡុងឆ្នាំ ២០១៤ ដោយសារតែ មានភាពស៊ិចស៊ីជ្រុល ធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ទស្សនិកជន ។
ក្រោយមក នៅឆ្នាំ ២០១៦ តារាស្រីរូបនេះ បានមានព័ត៌មានចចាមអារាមទាក់ទងនឹងរឿងមានផ្ទៃពោះដំបូង ជាមួយនឹងគូស្នេហ៍ រហូតដល់មានការចេញមុខបដិសេធ ចំពោះព័ត៌មានមិនច្បាស់ការមួយនេះ ។
យ៉ាងណាមិញ ចូលដល់ក្នុងឆ្នាំ ២០១៨ តារាសម្ដែងស្រីកំពូលសម្រស់រូបនេះ ទទួលរងព្យុះភ្លៀងក្នុងសិល្បៈយ៉ាងខ្លាំង ដោយសារតែរឿងអាស្រូវ ទាក់ទងនឹងការស៊ើបអង្កេតរបស់រដ្ឋាភិបាល ចំពោះការគេចពន្ធនៅក្នុងអាជីវកម្មភាពយន្ត ប៉ុន្តែនាងមិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ ។ ក្រោយពីផ្ទុះព័ត៌មានគេចពន្ធខុសច្បាប់នេះ BingBing នាងបានបាត់បង់ការងារក្នុងសិល្បៈអស់ទាំងស្រុង សូម្បីតែ ដៃគូសហការក៏ត្រូវកាត់ផ្តាច់កិច្ចសន្យាចោលទាំងអស់ផងដែរ ហើយនាងបានបាត់មុខពីសិល្បៈសូន្យឈឹងអស់រយៈពេលជាង ៣ ខែ រហូតដល់មានដំណឹងថ្មី ។
ការផ្ទុះរឿងអាស្រូវដ៏ធំមួយក្នុងជីវិតរបស់តារាស្រីរូបនេះ ធ្វើឱ្យខាតបង់ធ្ងន់ធ្ងរទាំងកិត្តិយស និង ការងារក្នុងសិល្បៈ ត្រឹមរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ Fan BingBing បានចំណាយលុយប្រមាណ ៧,៨ លានដុល្លារអាមេរិក ចាប់តាំងពីផ្ទុះរឿងនេះកើតឡើង ៕