សុំពន្លះហើយ! Pu Praya ដាក់ផាំងៗ ឱ្យរដ្ឋាភិបាលថៃសុំទោសប្រជាជនភ្លាមៗ ជុំវិញរឿងនេះ
អាចនិយាយបានថាជាតារាសម្ដែងជួរមុខម្នាក់ក្នុងប្រទេសថៃ នាង Pu Praya ហាក់ពុំសូវជាបានសម្ដែងអារម្មណ៍របស់ខ្លួនទៅកាន់រដ្ឋាភិបាលខ្លួនឡើយ ។
ដោយហេតុតែមើលឃើញពីភាពអសកម្មនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន បណ្ដាលឱ្យប្រជាជនខ្លួនរាប់ពាន់នាក់ស្លាប់ព្រោះកូវីដ-១៩ និង រាប់ម៉ឺននាក់កំពុងតែដេកឈឺយ៉ាងត្រដាបត្រដួសតាមទីសាធារណៈនោះ ពេលនេះនាងបានក្រោកឈរនិយាយចំៗទៅកាន់រដ្ឋាភិបាលជុំវិញបញ្ហាដែលកើតមានឡើងនេះ យ៉ាងក្តៅគគុក ។
សម្រាប់អារម្មណ៍ដែលឈឺចាប់យ៉ាងខ្លាំង តារាស្រី Pu Praya បានបង្ហោះសារស្នើដល់រដ្ឋាភិបាលថៃផាំងៗថា «កន្លងមកខ្ញុំតែងតែបានតាមដានស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសថៃមករហូត ហើយអ្វីដែលខ្ញុំបានឃើញនោះ គឺប្រជាជនមួយចំនួនធំមិនអាចទទួលបានការព្យាបាលដោយស្មើភាពគ្នាឡើយ ។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺស្លាប់នៅតាមផ្ទះជាបន្តបន្ទាប់បណ្ដាក់គ្នាដូចខ្យង បុគ្គលិកពេទ្យឆ្លងកាន់តែច្រើនទៅៗ ចំនួនវ៉ាក់សាំងមិនគ្រប់គ្រាន់ ហើយចំពោះវ៉ាក់សាំងដែលមានក៏ពុំអាចការពារជំងឺកូវីដ-១៩ ពូជ Delta បានទៀត តើត្រូវមានមនុស្សស្លាប់ប៉ុន្មានទៀត ? អស់ភាពអស់ទ្រាំប្រជាជនក៏នាំគ្នាចេញស្រែកទាមទាររកវ៉ាក់សាំងដែលមានគុណភាពល្អ ។
កន្លងមក ខ្ញុំទ្រាំមិននិយាយអ្វីឡើយ ខ្ញុំចង់បញ្ចេញមតិដែលខ្ញុំយល់ឃើញ គ្រាន់តែខ្ញុំមិនហ៊ាន ព្រោះគិតដល់ផលប៉ះពាល់នៅកន្លែងធ្វើការខ្ញុំ សម្រាប់ថ្ងៃនេះខ្ញុំបានចេញមុខមកនិយាយហើយ ។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមមករហូតថា រដ្ឋាភិបាលនឹងបើកចិត្តបើកបេះដូងទទួលស្ដាប់ នូវសារសំឡេងដែលប្រជាជនស្រែកទាមទារ សំឡេងស្រែកយំ ភាពឈឺចាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយគួរតែរៀនទទួលស្គាល់រាល់ចំណុចខ្វះខាតរបស់ខ្លួន ហ៊ានទទួលកំហុសលើកដៃសុំអភ័យទោសប្រជាជន បើកបង្ហាញពីទិន្នន័យពិតប្រាកដទាក់ទងនឹងការរៀបចំផែនការចាក់វ៉ាក់សាំង ហើយក៏ប្រញាប់ដោះស្រាយកែខៃបញ្ហាឱ្យបានរហ័សទៅ ។
ដូចគ្នានេះ នាងខ្ញុំសូមមិនគាំទ្រជាដាច់ខាត ចំពោះការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា ខ្ញុំជឿថាមនុស្សគ្រប់គ្នាគឺមានសិទ្ធិសរីភាព ក្នុងការទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ដូចគ្នា ប្រជាជនគ្រប់រូបមានសិទ្ធិក្នុងការដឹងអំពីរឿងរ៉ាវផ្សេងៗជុំវិញសុខមាលភាពរបស់ខ្លួន ប្រជាជនមានសិទ្ធិក្នុងការទទួលបានការការពារ នូវអ្វីដែលពួកគេយល់ឃើញ បញ្ចេញមតិ ហើយថ្នាក់ដឹកនាំគួរតែបើកចិត្តឱ្យទូលាយទទួលស្តាប់ ហើយផ្ដល់មកវិញពាក្យណែនាំល្អៗ ដោយពុំមានការប្រើប្រាស់ហិង្សា »។
ទន្ទឹមនឹងឃើញសារដ៏សែនមានអត្ថន័យនេះ ពិតធ្វើឱ្យមហាជនថៃមិនតិចទេដែលចូលទៅខមមិនអួតសរសើរពីឆន្ទៈរបស់តារាស្រីដ៏ក្លាហានរូបនេះ ៕