ថាំចិត្តណាស់! ទៅសៀមរាបរាប់ភ្លេច អត់ដឹងមានកន្លែងដើរលេងថតរូបស្អាតបែបនេះ គុំឱ្យតែចប់កូវីដទេចាំមើល
ខេត្តសៀមរាប ត្រូវបានគេស្គាល់ថា មិនត្រឹមតែជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនោះទេ តែថែមទាំងសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដែលពោរពេញទៅដោយប្លង់ថតរូបស្អាតៗ ទាក់ទាញភ្ញៀវទេសចរឱ្យបត់ចង្កូតចូលកម្សាន្ត ក្រោយចេញពីទស្សនាប្រាសាទអង្គរវត្ត ។
ជាក់ស្ដែងថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលប្រិយមិត្តមួយចំនួនធ្លាប់ជិះកាត់ និង ធ្លាប់បានទៅខេត្តសៀមរាប ប៉ុន្តែពុំធ្លាប់បានចូលទស្សនាកម្សាន្តកន្លែងមួយនេះ ដែលនៅទីនោះមានឈ្មោះថា «ទេសភាពធម្មជាតិជើងភ្នំឃុនរាម» ។
ស្ថិតក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប តំបន់ទេសចរណ៍ធម្មជាតិ ជើងភ្នំឃុនរាម ជារមណីយដ្ឋានធម្មជាតិមួយបែប ដែលហ៊ុំព័ទ្ធទៅដោយទេសភាពខៀវស្រងាត់ព័ទ្ធជុំវិញតាមជើងភ្នំក្បាលស្ពាន អមដោយព្រៃព្រឹក្សា និង មានខ្យល់បរិយាកាសបរិសុទ្ធ អំណោយផលសម្រាប់ដំណើរកម្សាន្តគ្រប់មជ្ឈដ្ឋានមិនថា ជួបជុំមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ និង គូសង្សារឡើយ ។
មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះប្រិយមិត្តអាច បោះតង់ គេងគយគន់ទេសភាពដ៏ស្រស់ត្រកាលពីលើផ្ទះឈើខ្ពស់ និងអាចថតរូបបានយ៉ាងស្រស់ស្អាត ជាមួយទេសភាពនៅជាប់ជើងភ្នំពេលព្រឹកព្រលឹម ដែលជាបរិយាកាសដ៏សែនមនោរម្យក្រៃលែង នារដូវវស្សានេះ ជាមួយការសម្រាកលំហែកាយ ឱ្យរសាយអស់នូវរាល់ទុក្ខកង្វល់ ដែលបន្សល់មកពីការធុញថប់នៅទីក្រុង ៕
រូបភាពដោយ ៖ ទៅលេងបន្ទាយស្រី