គុំឱ្យតែចប់កូវីដពេលណា លក់មាន់យកលុយទៅលេងមណ្ឌលគិរីមុនគេ ស្រូបខ្យល់អាកាស លាងខួរចេញម្ដង
ស្ថិតនៅចម្ងាយ ប្រមាណជាង ៥០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ធំមួយនៅកម្ពុជា ដែលមានកន្លែងកម្សាន្តដ៏សម្បូរបែប រួមមានតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចំការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន ។
មិនតែប៉ុណ្ណោះ នៅ សរទរដូវ និង វស្សានរដូវនេះ ខេត្តមួយនេះ មានអាកាសធាតុអំណោយផល ពោរពេញទៅដោយខ្យល់ធម្មជាតិ បក់ទៅបក់មកយ៉ាងត្រជាក់ស្រេង លាយឡំដំណក់ទឹកភ្លៀងតូចៗ ធ្លាក់ស្រោចស្រពពេញដែនដីឦសាន គួរជាទីចាប់ចិត្តក្រៃលែង ធ្វើឱ្យប្រិយមិត្តដែលបានទៅលេងកំំសាន្ត រសាយអស់នូវទុក្ខកង្វល់បានមួយគ្រា ។
ដូច្នេះហើយទើប ថ្មីៗនេះ មហាជននាំគ្នា កក្រើកអារម្មណ៍ឡើងវិញ ក្រោយពីបានឃើញទេសភាពយ៉ាងស្រស់បំព្រង នៅតំបន់ទេសចរណ៍ភូមិភាគឦសានមួយនេះ ដែលផ្ដល់ដោយគណនីមួយឈ្មោះ មណ្ឌលគិរី បានបង្ហាញឱ្យឃើញពីទេសភាពដ៏ស្រស់ត្រកាល ល បូករួមជាមួយពន្លឺព្រះទិនករ ចាំងឆ្លុះលើកម្រាលស្មៅធម្មជាតិបៃតង ក្រាលក្របដេដាស លាតសន្ធឹងពាសផ្ទៃភ្នំ គួរជាទីមនោរម្យក្រៃលែង ដែលធ្វើឱ្យប្រិយមិត្តដែលបានឃើញហើយនាំគ្នាគុំទុក ប៉ងជាដំណើរកំសាន្តដំបូងបង្អស់ នៅពេលដែលវីរុសកូវីដ-១៩ លែងមានការរាតត្បាតនៅក្នុងសហគមន៍ ៕
រូបភាព ៖ មណ្ឌលគិរី