គង់ សុជាតិ និង ស្វាមី សំងំធ្វើចត្តាឡីស័កលើសថ្ងៃកំណត់ ឡើងកូនស្រីពៅពោលដូច្នេះ
មហាជនប្រាកដជាបានដឹងរួចមកហើយ បន្ទាប់ពីជំងឺកូវីដ-១៩ បានចាប់ផ្តើមឆ្លងក្នុងចង្កោសិល្បៈនោះ គឺមានសិល្បករសិល្បការិនីជាច្រើនបានធ្វើចត្តាឡីស័ក ព្រមទាំបានធ្វើតេស្តរកសំណាកកូវីដ-១៩ ជាបន្តបន្ទាប់ ។ ក្នុងនោះ គិតមកត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះមានអ្នកស្ថិតក្នុងចង្កោមសិល្បៈ ១៥ នាក់ ហើយដែលបានឆ្លងកូវីដ-១៩ ហើយភាគច្រើនគឺជាសិល្បករសិល្បការិនី ប្រចាំផលិតកម្ម និង ទូរទស្សន៍ហង្សមាស ។
ដោយឡែកក្រឡេកមកមើលគូស្វាមីភរិយា ជាពិធីករពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស គឺអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ក៏កំពុងរង់ចាំលទ្ធផលតេស្តលើកទី ២ និង បានធ្វើចត្តាឡីស័កអស់រយៈពេល ១៦ ថ្ងៃ ពោលគឺលើសពេលចំនួនកំណត់ផងដែរ ។
យ៉ាងណាមិញ ទន្ទឹមនឹងការរង់ចាំលទ្ធផលតេស្ត និង បានធ្វើចត្តាឡីស័កហួសកំណត់ហើយក្តី អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ក៏នៅបន្តការធ្វើចត្តាឡីស័កបន្ថែមប៉ុន្មានថ្ងៃទៀតដើម្បីតាមដានសុខភាព ។ លើសពីនោះ ការបន្ថែមការធ្វើចត្តាឡីស័កនេះដែរ គូស្វាមីភរិយាខាងលើ បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា កូនស្រីរបស់អ្នកទាំងពីរបានខកចិត្ត និង ខឹងឪពុកម្តាយ ។ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានរៀបរាប់ថា «ដូរី សង្ឃឹមថាក្រោយ ១៤ ថ្ងៃ បានឱបប៉ាម៉ាក់ហើយ តែឥលូវខកចិត្តខឹងបាត់ ព្រោះប៉ាម៉ាក់ថែមបួនប្រាំថ្ងៃទៀត» ៕