បង្ហាញជីវិតឯកជន ក្រៅសិល្បៈ ស៊ិន នារីរ័ត្ន ក្រោយបាត់មុខពីសិល្បៈជិត ១០ ឆ្នាំ
បើទោះបីចាកចេញពីអាជីពសិល្បៈប្រមាណជាជិត ១០ ឆ្នាំក៏ពិតមែន តែអតីតពិធីការិនីនិងតារាសម្តែង ស៊ិន នារីរ័ត្ន នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាពិសេសតាមរយៈជីវិតឯកជន ដែលនាងតែងបង្ហាញនៅតាមបណ្តាញសង្គម ។ ថ្មីៗនេះ ស៊ិន នារីរ័ត្ន បានចែករំលែករូបភាពពោរពេញទៅដោយសុភមង្គលនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំ។
ដោយកាលពីថ្ងៃទី ២៥ កន្លងទៅនេះ ជាខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំអតីត ពិធីការិនី ស៊ិន នារីរ័ត្ន បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាត និង ពោរពេញទៅដោយក្តីសុខជាមួយស្វាមី និង កូនៗរបស់ខ្លួន ។ ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតនេះអតីតពិធីការិនីរូបស្រស់ម្នាក់នេះ ក៏បានសរសេរសារខ្លីភ្ជាប់ជាមួយមានអត្ថន័យថា «រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍បួនឆ្នាំ ។ អរគុណគ្រប់យ៉ាងសម្រាប់គ្រួសារតូចមួយនេះ អរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់រាប់អានគ្រួសារតូចមួយនេះ» ។
គួរបញ្ជាក់ថា ស៊ិន នារីរ័ត្ន គឺជាអតីតតារាសម្តែង និង ជាពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់នៅទូរទស្សន័បាយ័ន តែក្រោយពីរៀបការនាងក៏បានដកខ្លួនពីអាជីពទាំងនេះដោយមិនស្តាយស្រណោះបន្តិចឡើយ ។ ពេលនេះដែរ ស៊ិន នារីរ័ត្ន ក៏ជាម្ចាស់ភោជនីយដ្ឋានមួយដែលមានទីតាំងនៅផ្លូវព្រះមុន្នីវង្ស ។ រៀបការរយៈពេលបួនឆ្នាំ ស៊ិន នារីរ័ត្ន ក៏ទទួលបានចំណងដៃកូនស្រីចំនួនពីរនាក់ដែលគួរឱ្យស្រឡាញ់ផងដែរ ៕