អបអរអ្នកព្រៃវែង! ទួលព័ន្ធតាឡី-បឹងស្នេហ៍ ត្រូវបានរដ្ឋាភិបាលបង្កើតជាតំបន់ការពារធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ ដោយថ្មីៗនេះ បានបង្កើតតំបន់ច្រើនយ៉ាង ទួលព័ន្ធតាឡី-បឹងស្នេហ៍ ដែលជាតំបន់មានសក្តានុពលខ្ពស់ទាំងផ្នែកសង្គម វប្បធម៌ និងការអភិរក្ស ជាតំបន់ការពារធម្មជាតិ ។
តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និង ធនធានធម្មជាតិយ៉ាងសម្បូរបែប ដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានដូចជា ៖
១. ជាបឹងមានទឹកជាអចិន្ត្រៃយ៍ ទាំងនៅក្នុងរដូវប្រាំង និង រដូវវស្សាដែលផ្តល់នូវ ប្រភពទឹកស្រោចស្រព្វដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និង សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ
២. មានអន្លង់ត្រីសំខាន់ៗ ដែលជាទីជម្រករស់នៅ និង បន្តពូជរបស់ត្រីជាច្រើនប្រភេទ
៣. ជាកន្លែងនេសាទដ៏សំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់
៤. ជាកន្លែងសម្រាកកំសាន្ត និង ជាបឹងប្រវត្តិសាស្ត្រ ដែលផ្សាភ្ជាប់ជំនឿមានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី»
៥. បានទ្រទ្រង់ ដល់វត្តមានសត្វស្លាបជាច្រើនប្រភេទ រួមមានប្រភេទទទួលរងការគំរាមកំហែង និងជិតផុតពូជលើពិភពលោក ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជាអន្តរជាតិ
៦. ជាទីសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍ មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន
៧.ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី ២ នៅប្រទេសកម្ពុជា បន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់ ៕
ប្រភព ៖ Ministry of Environment