ត្រឹម ៦ ម៉ោងសោះ ហាងនំពងមាន់ អាម៉ា លក់អស់ជាង ៥០០ ប្រអប់ក្នុងថ្ងៃបើកសម្ពោធ !
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៨ នេះ ហាងនំពងមាន់ដែលមានស្លាកយីហោ អាម៉ា (Ah Mah) ដែលបកប្រែជាភាសាខ្មែរមានន័យថា «លោកយាយ» បានប្រារព្ធពិធីបើកសម្ពោធហាងថ្មីនៅក្នុងរាជធានីភ្នំពេញ ដោយបាននាំមកនូវនំពងមាន់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ថ្មីស្រស់ ផលិតដោយវត្ថុធាតុដើមមានគុណភាព មិនមានប្រើប្រាស់សារធាតុរក្សាទុកឱ្យបានយូរ និង ល្បីល្បាញនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសសឹង្ហបុរី និង ប្រទេសម៉ាឡេស៊ីជាដើម ។
ក្នុងកម្មវិធីសម្ពោធហាងនំពងមាន់ថ្មីនេះផងដែរមានការចូលរួមពីក្រុមរាំ OMG អ្នកសារព័ត៌មាន ពិធីករ ពិធីការនី អ្នកចម្រៀង តារាសម្តែង និង អតិថិជនជាច្រើនសន្ធឹកសន្ធាប់ បានឈរតម្រង់ជួរចាំទិញនំពងមាន់អាម៉ា (Ah Mah) ដែលមានគុណភាពល្អ និង រសជាតិឈ្ងុយឆ្ងាញ់នេះ ។
យើងសង្កេតឃើញថាគ្រាន់តែបើកសម្ពោធភ្លាម ត្រឹមតែរយៈពេលប្រាំមួយម៉ោងប៉ុណ្ណោះហាងនំ អាម៉ា បានលក់នំដាច់អស់គ្មានសល់ គឺប្រមាណជាង ៥០០ ប្រអប់នៅក្នុងថ្ងៃទីមួយ ។
យោងតាមអ្នកគ្រប់គ្រងហាងនំពងមាន់ អាម៉ា (Ah Mah) ប្រចាំប្រទេសកម្ពុជា លោក រីយ៉ាន តាន់ (Ryan Tan) បានមានប្រសាសន៍ថា «គោលបំណងរបស់យើងក្នុងការពង្រីកសាខា ហាងនំពងមាន់អាម៉ា (Ah Mah) នៅប្រទេសកម្ពុជានេះគឺ ពួកយើងចង់ឲ្យប្រជាជនកម្ពុជាបានភ្លក់រសជាតិនំពងមាន់ទន់ឈ្ងុយឆ្ងាញ់ និង ជាពិសេសរសជាតិមួយដែលអាចធ្វើអាចអ្នកញ៉ាំនឹកដល់នំដែលធ្វើដោយលោកយាយរបស់ពួកគេដែលតែងតែពោរពេញដោយក្តីស្រលាញ់ ។
ទន្ទឹមនឹងនេះក្រុមរាំ OMG បាននាំ លោកយាយ ជាទីស្រលាញ់មកចូលរួមក្នុងកម្មពិធីដ៏ពិសេសនេះ ដោយក្នុងនោះពួកគាត់បានចូលរួមចែករំលែកនូវអនុស្សាវរីយ៍ជាច្រើនរបស់ ពួកគាត់ និង បញ្ចុកនំ អាម៉ា អោយគ្នាទៅវិញទៅមកផងដែរ ។
ហាងនំ អាម៉ា ក៏មានលក់នូវកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និង ភេសជ្ជៈផ្សេងៗ សម្រាប់អតិថិជនពិសារជាមួយនំព្រមទាំងមានកន្លែងអង្គុយប្រកប ដោយផាសុកភាព ដែលលោកអ្នកអាចមកអង្គុយធ្វើការ រឺក៏ណាត់ជួបជាមួយមិត្តភ័ក្តបានយ៉ាងងាយស្រួល ។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនទាំងអស់អាចមើលឃើញនូវសិល្បៈក្នុងការផលិតនំអាម៉ា តាមរយៈចង្ក្រានដែលព័ទ្ធដោយកញ្ចក់ជុំវិញ និង ធានានូវស្តង់ដារបរិស្ថាននិងអនាម័យល្អ ។
ដើម្បីអបអរសាទរការសម្ពោធហាងថ្មីហាងនំពងមាន់ អាម៉ា បានផ្តល់ជូនកម្មពីធីប្រម៉ូសិនពិសេសទិញ ១ ថែម ១ ដល់អតិថិជនចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែឧសភា ២០១៨ ។
នំពងមាន់ អាម៉ា (Ah Mah) មានបួនរសជាតិគឺ នំពងមាន់រសជាតិដើម, រសជាតិឈីស, រសជាតិស្លឹកតយ និង រសជាតិសូកូឡា តម្លៃចាប់ ពី ៦.៩៩ ដុល្លា ដល់ ៩.៩៩ ដុល្លា ។ នំពងមាន់ អាម៉ា ទន់ឈ្ងុយឆ្ងាញ់ប្រៀបដូចជាការឱបថ្នាក់ថ្នមរបស់លោកយាយ ! ៕
ទីតាំងហាងនំ អាម៉ា (Ah Mah)