លោក អ៊ិន សុភិន ព្រលយថាអ្នកគាំទ្រអាចនឹងមិនសប្បាយចិត្ត ក្រោយដឹងការពិតពី សេង រដ្ឋា
ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនអំពីភាពល្អក់កករគ្នារវាងកម្មវិធី Miss Grand Cambodia និង បេក្ខភាពជ័យលាភី កញ្ញា សេង រដ្ឋា ដោយបានលេចឮដំណឹងថា នាងនឹងត្រូវប្រឈមមុខនឹកការដកសិទ្ធិមិនឱ្យទៅប្រកួតតំណាងជាតិកម្ពុជាក្នុងកម្មវិធីលំដាប់អន្ដរជាតិ Miss Grand International ដែលប្រព្រឹត្តិនឹងទៅក្នុងប្រទេសថៃនាខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ។
ជុំវិញបញ្ហានេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកម្មវីធីប្រកួតក៏កៀកនឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះ ហើយកម្ពុជាក៏ត្រូវត្រៀមបញ្ជូនបេក្ខភាពរបស់ខ្លួនទៅប្រកួតផងដែរ។ ទន្ទឹមនឹងនោះ ស្រាប់តែលេចឮដំណឹង បវរកញ្ញាកម្ពុជា កញ្ញា សេង រដ្ឋា បែរជាត្រូវប្រឈមនឹងការដកដំណែងចេញទៅវិញ។
យ៉ាងណាមិញ បើតាមការឱ្យដឹងពី លោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia បានចេញមុខបង្ហើបតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «អរគុណគ្រប់យ៉ាងសម្រាប់ Fan ៗ Miss Grand Cambodia 2020 សំណួរច្រើនណាស់សម្រាប់ថ្ងៃនេះ ហេតុអីស្ងាត់ម៉្លេះ Miss Grand Cambodia 2020 ? ខ្ញុំមិនចង់បកស្រាយ ខ្លាចអ្នកគាំទ្រគាត់មិនសប្បាយចិត្ត ពេលដឹងការពិតត្រូវបានលាតត្រដាងជាសារធារណៈ តែបើមិនបកស្រាយទេគេ Comment ជេរយើងសឹងផ្ទុះទូរស័ព្ទ ចុះពេលដឹងការពិតវិញតើគាត់ Comment យ៉ាងម៉េចវិញ? ខ្ញុំមិនចង់ល្បីទេរាល់ថ្ងៃ ហត់នឿយនឹងរឿងសេដ្ឋកិច្ចយ៉ាប់យ៉ឺនផង សន្និសីទកាសែតនឹងកើតមានឡើងឆាប់ៗនេះរងចាំតាមដានការពិតទាំងអស់គ្នា»។
បន្ថែមពីនេះ ជុំវិញរឿងរ៉ាវដែលបានកើតឡើងនេះ មានអ្នកគាំទ្រម្នាក់ បានសួរសំណួរទៅកាន់អ្នកគ្រប់គ្រងកម្មវិធីរូបនេះ ពីបញ្ហាចម្រូងចម្រាស់នេះថា «ចុះបានអ្នកណាទៅជំនួស មានបញ្ហាអីមិនដោះស្រាយយូរហើយពូ នេះដល់ថ្ងៃហើយ អ៊ីចឹងយើងអត់បានទៅប្រកួតទេហ្អី?»។ បន្ទាប់ពីបានឃើញសំណួរបែបនេះ លោក អ៊ិន សុភិន ថែមទាំងឆ្លើយតបទៅវិញថា «គាត់ចរិតមិនល្អទេ» ទៀតផង។
ក្នុងនោះដែរ បើតាមសម្ដីរបស់លោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រងកម្មវិធីលើកឡើងខាងលើគឺ រឹតតែធ្វើឱ្យមហាជនកាន់តែមានមន្ទិលសង្ស័យផ្សេងៗគ្នា ខណៈដែលការពិតមិនទាន់បានបង្ហាញឡើងជាសាធារណៈ។ យ៉ាងណាក៏ដោយ សន្និសីទការសែតនឹងអាចរៀបចំឡើងក្នុងថ្ងៃអង្គារ ទី ១៩ ខែ មករា ឆ្នាំ២០២១ ខាងមុខ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុកផេក Team Cambodia៕