អីយ៉ាស់! ផលិតកម្ម Galaxy ប្រកាសទិញចម្រៀងមួយបទៗ ហ៊ានឱ្យតម្លៃដល់ទៅ ១៥០០ ដុល្លារ
ឈានចូលឆ្នាំ ២០២១ នេះ ផលិតកម្មហ្គាឡាក់់ស៊ីណាវ៉ាត្រា ដែលដឹកនាំដោយឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានសាងភាពភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានក្នុង និង ក្រៅសិល្បៈយ៉ាងខ្លាំង ក្រោយផលិតកម្មមួយនេះបានប្រកាសទិញ បទចម្រៀងជាស្នាដៃថ្មី ដោយក្នុងមួយបទហ៊ានឱ្យតម្លៃខ្ពស់ដល់ទៅ ១៥០០ ដុល្លារឯណោះ។
ក្រោយពីមានតារាចម្រៀងដែលមានឈ្មោះបោះសំឡេងដែលជាគ្រាប់ពេជ្រ មានដូចជា តន់ ច័ន្ទសីម៉ា លោក ព្រាប សុវត្ថិ និង លោក ខេម នៅក្នុងដៃ ពេលនេះ ផលិតកកម្មហ្គាឡាក់ស៊ីណាវ៉ាត្រាចាប់ផ្តើមវាយលុកទីផ្សារជាខ្លាំង ដោយហ៊ានជ្រើសរើសអ្នកនិពន្ធរហូតដល់ ៣០ នាក់ និង ផ្តល់ប្រាក់ខែចាប់ពី ៥០០ ដុល្លា រហូតដល់ ៥០០០ ដុល្លារនោះ ឥលូវផលិតកម្មមួយនេះ ក៏បានសាងភាពភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីបង្ហោះសារមួយទៀតថា «Galaxy Navatra សូមជម្រាបជូនដំណឹងដើម្បីលើកកម្ពស់ស្នាដៃនិពន្ធចម្រៀងសម័យ ក្រុមហ៊ុន មានកិត្តិយសទិញយកស្នាដៃ បទចម្រៀងថ្មីទាំងអស់ក្នុងតម្លៃមួយបទចាប់ពី ៦០០ ដុល្លារ ដល់ ១៥០០ ដុល្លារ»។
ការប្រកាសជាចំហជាបន្តបន្ទាប់របស់ផលិតកម្មដែលទើបបង្កើតថ្មីស្រឡាងមួយនេះ បានធ្វើឱ្យ មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន រហូតអ្នកខ្លះព្រលយថា លេងខ្លាំងណាស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយអ្នកខ្លះលើកឡើងថា នេះជាផលិតកម្មលើកដំបូងហើយ ដែលហ៊ានចំណាយលុយខ្ពស់ដល់ថ្នាក់នេះ ក្នុងការទិញបទចម្រៀង ក៏ដូចជាប្រាក់ខែអ្នកនិពន្ធ។
គួរបញ្ជាក់ថា បើទោះទើបបង្កើតផលិតកម្មក៏ពិតមែន តែផលិតកម្មលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ក៏ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ជាពិសេសតាមរយៈបទចម្រៀងពីរោះៗរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលមានអ្នកចូលទស្សនាដល់ទៅរាប់លានដងឯណោះ៕