ក្លិបបាល់ទាត់ ៥ ពួតដៃគ្នាបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ក្នុងនោះ ភ្នំពេញក្រោនបរិច្ចាគ ១ លានដុល្លារ
កាលពីថ្ងៃ ចន្ទ ទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ មានបណ្ដាថ្នាក់ដឹកនាំ ប្រជាពលរដ្ឋជាច្រើន បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការចូលរួម ជាការបរិច្ចាគថវិកាជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំង កូវីដ ១៩។
យ៉ាងណាមិញ មកទល់នឹងពេលថ្ងៃត្រង់ ថ្ងៃ ពុធ ទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្នុងវិស័យកីឡាបាល់ទាត់ មានក្លិបបាល់ទាត់ចំនួន ៥ ហើយ ដែលបានឧបត្ថម្ភជាទឹកប្រាក់ក្នុងគ្រាដ៏លំបាករបស់ខ្លួន ដើម្បីចូលរួមជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងបន្ថែមជូនប្រជាជនកម្ពុជា ដោយមានដូចជា ក្លិប បឹងកេត ( ១ ពាន់ដុល្លារ) វិសាខា ( ១ ម៉ឺនដុល្លារ) ព្រះខ័នរាជស្វាយរៀង (១ ម៉ឺនដុល្លារ) ក្រសួងការពារជាតិ ( ២ ពាន់ដុល្លារ) និង ភ្នំពេញក្រោន ( ១ លានដុល្លារ) ។
គួរឱ្យដឹងថា តាមការប្រកាសនៅក្នុងផេកផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាល្ងាចថ្ងៃអង្គារ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារហើយ៕