ត្រឡប់ពីសាងផ្នួសវិញ ជា វិបុល បង្ហោះសារប្លែកៗ និយាយពីអត្ថន័យចាក់ដោតអស់ទាស់
កាលពីមួយរយៈមុន ពិធីករល្បីឈ្មោះ ជា វិបុល បានជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ដោយលោកបានសម្រេចចិត្តសាងផ្នួសសងគុណឪពុកម្តាយ នៅវត្តនិគ្រោធវ័ន្ត ហៅ វត្តគល់ទទឹង ក្នុងនោះពិធីកររូបនេះក៏បានដឹកដៃប្អូនថ្លៃបួសជាមួយគ្នាដែរ ។
ថ្វីថ្បិតតែ ជា វិបុល បានសាងផ្នូសត្រឹមតែមួយរយៈពេលខ្លី និង បានវិលត្រឡប់មកធ្វើការងារជាពិធីករធម្មតាវិញ ប៉ុន្ដែបន្ទាប់ពីលាចាកសិក្ខាបទហើយ គេសង្កេតឃើញពិធីកររូបនេះ ហាក់មានទ្រឹស្ដីអប់រំចិត្តបង្ហោះលើបណ្ដាញសង្គមជាបន្តបន្ទាប់ ដែលពាក្យសម្ដីរៀបរាប់របស់លោក សុទ្ធតែមានអត្ថន័យណែនាំឱ្យចិត្តមនុស្សកាន់តែស្ងប់សុខ ចាកផុតពីសេចក្ដីទុក្ខ ។
តួយ៉ាងថ្មីៗនេះ ជា វិបុល បានបង្ហោះសារដែលមានអត្ថន័យអប់រំថ្មីមួយនៅលើគណនីហ្វេសប៊ុកថា «អង្គុយៗ នឹកឃើញកាលបួសរៀនថា ជីវិតរកចំណេះរកទ្រព្យហើយ រកធម៌អប់រំចិត្តផង ទើបមិនសូវខ្វល់ខ្វាយចិត្តខ្លាំង រស់តាមកម្លាំងបុណ្យ កម្លាំងការព្យាយាម រៀនពិចារណាឱ្យសព្វគ្រប់ជ្រុងជ្រោយ រៀនប្រើបញ្ញាចក្ខុ កុំជឿភ្នែកសាច់ទាំងស្រុងពេក សម្តីអ្នកខ្លះខ្វះអនាម័យ និយាយដោយចិត្តបាប បាបប្រឡាក់មាត់ខ្លួនឯងហើយ ខ្ទាតមកប្រឡាក់ត្រចៀកគេទៀត។ គ្មានសេចក្តីសុខណាប្រសើរជាងសេចក្តីស្ងប់ឡើយ» ៕