គូស្នេហ៍ ៣ គូ ស្រឡាញ់គ្នារាប់ឆ្នាំ ចុងក្រោយប្រកាសបែកគ្នាយ៉ាងផុយដូចបកចេក
នៅលើលោកនេះគ្មានអ្វីអាចឋិតថេរបានទេ ជាពិសេសគឺរឿងស្នេហា ព្រោះដូចប្រិយមិត្តបានឃើញកន្លងមកស្រាប់ហើយថា មានគូស្នេហ៍អ្នកសិល្បៈមួយចំនួនក៏សមតាមបំណង ដោយឡែកសម្រាប់គូស្នេហ៍អ្នកសិល្បៈមួយចំនួនទៀតវិញ ពេលកំពុងស្រឡាញ់គ្នា ផ្អែមល្ហែមស្អិតល្មួត ហៅគ្នាអូនសម្លាញ់ បងសម្លាញ់ពេញៗមាត់ អ្នកសិល្បៈខ្លះក៏រក្សាចំណងស្នេហ៍រហូតដល់ទៅរាប់ឆ្នាំ ប៉ុន្ដែចុងក្រោយនៅតែប្រកាសបែកគ្នាដើរផ្លូវរៀងខ្លួន ។
ដ្បិតតែនិស្ស័យមិនអាចបន្តស្រឡាញ់គ្នាទៀតបាន ប៉ុន្ដែមកដល់ពេលនេះ មហាជនជាច្រើននៅតែសោកស្ដាយចំពោះចំណងស្នេហ៍អ្នកសិល្បៈ ៣ គូ ដែលធ្លាប់សមគ្នាបំផុត បែរជាត្រូវបែកគ្នាយ៉ាងផុយស្រួយ ៖
១. Patricia Good និង Peach Pachara
គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ បានបែកគ្នាកាលពីកំឡុងខែ សីហា ឆ្នាំ ២០១៩ ដែលដំណឹងបែកបាក់មួយនេះ កាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង សោកស្ដាយ ដោយគ្រាន់តែបែកគ្នាភ្លាម Pat បានប្រកាសទាក់ទងជាមួយសេដ្ឋីកំលោះម្នាក់ឈ្មោះ Note Vises ដែលនេះធ្វើឱ្យមហាជនមួយចំនួនរិះគន់មិនពេញចិត្តយ៉ាងខ្លាំង ដោយពួកគេយល់ថា មូលហេតុនៃការបែកគ្នានោះ គឺបណ្ដាលមកពីជនទី ៣ ជ្រៀតជ្រែក ។
២. Taew Natapohn និង វីជេ Ton
គូស្នេហ៍មួយគូនេះ បានប្រកាសផ្ដាច់ចំណងស្នេហ៍រយៈពេល ១៤ ឆ្នាំរបស់ពួកគេ នៅពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅ ដែលភ្លាមៗ ដំណឹងមួយនេះស្ទើរតែធ្វើឱ្យមហាជនមិនជឿថាជាការពិត ព្រោះកន្លងមកពួកគេទាំងពីរស្រឡាញ់ ផ្អែមល្ហែម ទៅណាមកណាជាមួយគ្នាញឹកញាប់បំផុត ហើយរឿងដែលអ្នកគាំទ្រភ្ញាក់ផ្អើលជាងនេះ បែកគ្នាមិនប៉ុន្មាន Taew បានសាងស្នេហ៍ថ្មីជាមួយហាយសូរមានលុយវាល់លានឈ្មោះ Pranai ស្និទ្ធស្នាលគ្នាខ្លាំងដូចប្ដីប្រពន្ធ ។
៣. Toey Jarinporn និង Alek Teeradetch
បន្ទាប់ពី Taew ដែលជាមិត្តសម្លាញ់ ប្រកាសចែកផ្លូវពីអតីតមិត្តប្រុសមិនយូរប៉ុន្មាន Toey ក៏បានទម្លាយថា នាង និង Alek បានបែកគ្នាហើយ ប៉ុន្ដែអ្នកទាំងពីរនៅតែបន្តរាប់អានគ្នាជាមិត្តល្អដដែល ៕