អាជីពសិល្បៈកំពុងជោគជ័យ ខេម បោះទុនរាប់ម៉ឺនដុល្លារបង្កើតជំនួញថ្មី!
គ្រាន់តែហក់ចូលក្នុងទ្រនំថ្មីផលិតកម្ម Galaxy មិនទាន់បានប៉ុន្មានផង ពេលនេះតារាចម្រៀង ខេម បានបោះទុនរាប់ម៉ឺនដុល្លារបង្កើតជំនួញថ្មីជាលើកដំបូង ដែលត្រៀមនឹងត្រៀមសម្ពោធដាក់ដំណើរការ នៅក្នុងពេលឆាប់ៗនេះ ។
មិនចាញ់មិត្តភក្តិរួមអាជីពដទៃឡើយ ក្រោយពីមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងអាជីពសិល្បៈ ពេលនេះ តារាចម្រៀង ខេម បានបោះទុនបង្កើតភោជនីយដ្ឋានដែលមានឈ្មោះថា T&Y Restaurant មានទីតាំងនៅម្តុំវត្តសំរោងអណ្តែត។
បើតាមប្រភពដែលកៀកកិតជាមួយតារាចម្រៀង ខេម បានឱ្យដឹងថា ខេម បោះទុនច្រើនគួរសមនៅក្នុងមុខរបរនេះ តែមិនមែនជាភាគហ៊ុនតែម្នាក់ឯងទេ គឺមានចូលរួមជាមិត្តភក្តិពីររូបថែមទៀត។
បើទោះបីមិនទាន់ដំណើរការក៏ពិតមែនតែមិត្តភក្តិក្នុងសិល្បៈក៏ដូចជាអ្នកគាំទ្រ សុទ្ធតែចូលរួមសាទរ និងគាំទ្រនូវរបរថ្មីរបស់លោកផងដែរ។
អ្វីដែលចាប់អារម្មណ៍ ក្រោយពីអាជីពសិល្បៈជោគជ័យ និងត្រៀមដំណើរការមុខរបរថ្មីទៀតនោះ តារាចម្រៀងរូបនេះ បានរំលឹកពីអតីតកាលដ៏ជូរចត់របស់ខ្លួន កាលពីជាងដប់ឆ្នាំមុនថា « ចូលកន្លែងទំនើបម្តងៗ មានមនុស្សឆ្វេងស្តាំមកសួរនាំ បងត្រូវការ អីហើយអញ្ជើញ មកប៉ុន្មាននាក់ក៏នឹកអារម្មណ៍ចម្លែកហើយនឹកដល់រឿងចាស់មួយកាលពីជាង១៥ឆ្នាំ មុនជិះម៉ូតូ (អាសង់ កូរ៉េ) មកទិញខោអាវនៅក្នុងហាងមួយនៅភ្នំពេញតែសុំមិនបញ្ចេញឈ្មោះនៅពេលខ្ញុំដើរចូលហាង អ្នកលក់មិនមើលមុខហើយក៏ដើរមកសួរខ្ញុំថា មកធ្វើអី។ ដើរចូលហាងខោអាវសួរខ្ញុំថាមកធ្វើអី សង្ស័យពេលនោះស្មានតែខ្ញុំជាចោរ រឺ មកសុំការងារធ្វើហើយមើលទៅមនុស្សអើយមនុស្សកុំមើលមនុស្ស ក្នុង ផ្លូវមិនល្អអីជីវិតមនុស្សអាចផ្លាស់ប្តូរបានណា សូមកុំអស់សង្ឃឹមហើយសូមកុំផ្តេកផ្តួលទៅ លើវាសនា តស៊ូឡើង ខួរក្បាលប៉ុនៗ គ្នាត្រូវតែប្រឹងកុំរំពឹងលើជោគវាសនា»។
ចុងក្រោយនេះ គេសង្កេតឃើញ តារាចម្រៀង ខេម កាន់តែមានប្រជាប្រិយភាព ក្រោយពីលើកហក់ចូលក្នុងទ្រនំថ្មី និង មានបទចម្រៀងផ្ទុះៗ ជាបន្តបន្ទាប់៕
រូបថត ៖ ហ្វេសប៊ុក