នៅពីក្រោយស្នាមញញឹម ពៅ បញ្ញាពេជ្រ ថ្ងូរចង់ដើរបានដូចអ្នកដទៃ តែមិនអាច!
រយៈពេលជាង ១៣ ឆ្នាំហើយ ដែលតារាចម្រៀង ពៅ បញ្ញាពេជ្រ បានអង្គុយនៅលើរទេះរុញបន្ទាប់ពីទទួលរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើង ។ យ៉ាងណាមិញ អតីតតារាចម្រៀងរូបនេះ ក៏តែងបង្ហាញវត្តមានរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងការលក់សម្លៀកបំពាក់ និង ការរស់នៅប្រចាំថ្ងៃរបស់នាងផងដែរ ។
រូបភាពជាច្រើនតែងបង្ហាញពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ទាំងនៅក្នុងផ្ទះ និង ការធ្វើដំណើរទៅកាន់ទីកន្លែងនានារបស់ ពៅ បញ្ញាពេជ្រ មើលទៅពិតជារីករាយ និង មានស្នាមញញឹមស្រស់ណាស់ ។ ទន្ទឹមនឹងស្នាមញញឹមនេះដែរ តារាចម្រៀងរូបនេះក៏តែងបង្ហាញនូវអារម្មណ៍អាក់អន់ចិត្ត និង សោកស្តាយដែលខ្លួនត្រូវអង្គុយនៅលើរទេះ មិនអាចដើរបានដូចអ្នកដទៃដែរ ។
ជាក់ស្តែងថ្ងៃនេះ នាងបានបង្ហោះសារធ្វើឲ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហាក់អាណិតដល់នាងយ៉ាងខ្លាំង ដោយនាងបានពោលពាក្យថា «ចង់ដើរបានវិញដូចគេឯង ទៅណាមកណាបានលឿន» ៕