KBSK ក្លាយជាក្រុមហ៊ុនចែកចាយផ្លូវការរបស់ក្រុមហ៊ុន Mondelez Kinh Do នៅកម្ពុជា
នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Mondelez Kinh Do ប្រកាសផ្តល់សិទ្ធិផ្លូវការជូនដល់ក្រុមហ៊ុន KBSK ដែលជាក្រុមហ៊ុនចែកចាយផលិតផលប្រចាំនៅកម្ពុជា ។ កម្មវិធីប្រកាសផ្តល់សិទ្ធិផ្លូវការស្របច្បាប់រវាងក្រុមហ៊ុនទាំងពីរប្រារព្ធធ្វើឡើងនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម (MSA) ដោយមានការអញ្ជើញចូលរួមពីតំណាងរបស់ក្រុមហ៊ុនដៃគូចែកចាយក្នុងស្រុក និង បណ្តាអ្នកសារព័ត៌មានជាច្រើនទៀត ។
លោក យឹម សារិទ្ធ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនចែកចាយ KBSK មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា ៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានទទួលសិទ្ធិជាអ្នកចែកចាយផ្លូវការសម្រាប់ផលិតផលរបស់ក្រុមហ៊ុន Mondelez Kinh Do ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mondelez International ដ៏ធំប្រចាំនៅសហរដ្ឋអាមេរិក ដែលផលិតអាហារសម្រន់ជាច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ និង បានចែកចាយដល់ទៅ ១៦៥ ប្រទេសទូទាំងពិភពលោក» ។
លោកបន្តថា៖ «ការទទូលបានសិទ្ធិនាំចូលជាផ្លូវការនេះ គឺជាសញ្ញាដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់យើងក្នុងការនាំចូលផលិតផលដែលមានរសជាតិឆ្ងាញ់ មានគុណភាពខ្ពស់ តម្លៃសមរម្យសម្រាប់ប្រជាជន និង ពេញនិយមក្នុងទីផ្សារប្រទេសកម្ពុជា» ។
ទន្ទឹមនឹងការប្រកាសផ្តល់ជូននូវសិទ្ធិចែកចាយជាផ្លូវការរវាងក្រុមហ៊ុន KBSK និង Mondelez kinh Do ចាប់ផ្តើមដំណើរការកម្មវិធី លោក សារិទ្ធ បន្តទៀតថា ៖ «យើងខ្ញុំក៏សុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Mondelez Kinh Do ដែលបានផ្តល់ការជឿជាក់ជ្រើសរើសក្រុមហ៊ុនយើងខ្ញុំជាអ្នកចែកចាយផ្លូវការប្រចាំប្រទេសកម្ពុជាតែមួយគត់ ហើយយើងក៏រំពឹងថា យើងនឹងនាំចូលនូវផលិតផលជាច្រើនឈរលើគោលការណ៍គុណភាព សុវត្ថិភាពចំណីអាហារជាចំបង ដើម្បីធានាថាប្រជាជនកម្ពុជា ជាពិសេសកុមារ បានទទួលទាននំដែលមាន ជីវជាតិ និង គុណភាពល្អពិតៗ» ។
Mondelez International ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលអាហារសម្រន់ធំជាងគេបង្អស់នៅលើពិភពលោកដែលមានប្រាក់ចំណូលប្រហែល ២៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ។ តាមរយៈកម្មវិធីសន្និសីទសារព័ត៌មាននៅព្រឹកនេះ លោក Stephane Gripon ជាអគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន Mondelez Kinh Do ក៏បានថ្លែងថា ៖ «ក្រុមហ៊ុនរបស់យើងសប្បាយចិត្តដែលបានសហការជាមួយក្រុមហ៊ុន KBSK ក្នុងការចែកចាយនូវផលិតផលដែលមានគុណភាព និង តម្លៃសមរម្យដល់ប្រជាជនក្នុងស្រុក» ។
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាទីផ្សារលក់ផលិតផលដែលមានឥទ្ធិពល និង ទាក់ទាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និង កំណើននៃប្រជាជនកម្រិតចំណូលមធ្យមជាមួយនឹងប្រជាជនជាង ១៥ លាននាក់ ។ នេះបើយោងតាមរបាយការណ៍សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៦ បានឲ្យដឹងថា ទីផ្សារចែកចាយលក់រាយនៅកម្ពុជានៅតែទាក់ទាញយ៉ាងខ្លាំង ។
លើសពីនេះលោកបន្តថា ៖ «យើងមានជំនឿយ៉ាងមុតមាំថាការផ្តល់សិទ្ធិចែកចាយនេះជាការបង្កើននូវភាពងាយស្រួលដល់ប្រជាជន ក្នុងការជ្រើសរើសបានផលិតផលដែលគុណភាពល្អ និង ជួយជំរុញទីផ្សារសេដ្ឋកិច្ចជាតិផងដែរ» ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន KBSK ជាក្រុមហ៊ុនចែកចាយស្របច្បាប់នូវគ្រឿងឧបភោជបរិភោគ និង ភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុននឹងនាំចូលផ្តាច់មុខនូវផលិតផលដែលមានរស ជាតិឆ្ងាញ់ និង គុណភាពខ្ពស់របស់ក្រុមហ៊ុន Mondelez Kinh Do ដែលមានដូចជាផលិត ផលនំពងមាន់ Solite, Creamity, Cosy, នំប្រៃម៉ាក AFC និង នំជាច្រើនម៉ាកផ្សេងទៀត ៕