មានពេលត្រឹមមួយថ្ងៃ អាចដើរលេងបាន ៥ កន្លែងនៅកំពតស្អាតៗ សប្បាយៗបំផុត
កំពតជាខេត្តមួយដែលមានរមណីយដ្ឋានធម្មជាតិច្រើន កន្លែងនីមួយៗសុទ្ធសឹងតែជាស្អាតៗ និងទាក់ទាញបំផុត។ តើប្រិយមិត្ត ធ្លាប់ចង់ដើរលេងនៅខេត្តនេះ ឱ្យបានច្រើនកន្លែងដែរទេ ប្រសិនបើមានពេលត្រឹមមួយថ្ងៃ ? ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំពីរបៀបដើរលេងក្នុងខេត្តកំពត បាន ៥ កន្លែង ដោយចំណាយពេលតែមួយថ្ងៃប៉ុណ្ណោះ ។
១.ភ្នំបូកគោ
កន្លែងដំបូងគេនោះ គឺភ្នំបូកគោ ប្រិយមិត្តអាចចំណាយពេលលើភ្នំបូកគោចន្លោះពី ៣ ម៉ោង ទៅ ៤ ម៉ោង ដោយចំណាយពេលជិះឡើង ចុះ ២ម៉ោង និងដើរលេងកម្សាន្ត ថតរូបនៅកាស៊ីណូថ្មី នៅវត្តសំពៅប្រាំ ព្រះវិហារបុរាណគ្រឹះស្ទាន កាស៊ីណូចាស់ និងព្រះរាជដំណាក់លើភ្នំបូកគោ ពី ១ ម៉ោង ទៅ ២ ម៉ោង សរុបមកប្រិយមិត្តចំណាយពេល អស់ចន្លោះ ៣ ទៅ ៤ម៉ោងជាង ។
២.រមណីយដ្ឋានដូងទេ
បន្ទាប់មកប្រិយមិត្តអាចចុះមកស្រស់ស្រូបអាហារថ្ងៃត្រង់នៅដូងទេ ព្រោះទីនោះ តម្លៃអាហារសមរម្យ ជាមួយ និងកន្លែងញាំនៅក្បែរមាត់ទឹក ប្រិយមិត្តក៏អាចចាក់ភ្លេងរាំលេងកម្សាន្ត ស្ដាប់តន្ត្រី ជិះទូកកៃយ៉ាក ជិះក្តារំអិលលេង និង ងូតទឹកស្ទឹងលេងនៅទីនោះផងដែរ ។
៣. រមណីយដ្ឋានទឹកឈូរ
បន្ទាប់ពីចេញពីដូងទេ ប្រិយមិត្តអាចជិះមកទឹកឈូវិញម្តង ។ នៅទីនេះយើងអាចអុជធូបថ្វាយបង្គំព្រះពុទ្ធរូបដ៏ធំនៅទីនោះ ងូតទឹក ជិះពោង និងអាចទិញផ្លែឈើធម្មជាតិ នំស្លឹកចាក ដែលបងប្អូនប្រជាកសិករ អាជីវករ តាំងលក់នៅទីនោះ ។
៤.រមណីយដ្ឋានទឹកធ្លាក់តាដា
បើប្រិយមិត្តមិនចង់ងូតទឹកនៅដូងទេ ឬទឹកឈូរទេ យើងតអាចទៅងូតទឹកធ្លាក់តាដា មានចម្ងាយប្រហែលជា ៥គីឡូជាងប៉ុណ្ណោះ ពីដូងទេ និងទឺកឈូរ។ នៅតាដា ប្រិយមិត្តអាចងូតទឹក ដែលធ្លាក់ពីលើភ្នំយ៉ាងប្រសាច ត្រជាក់ដល់ក្រអៅបេះដូង និងថតរូបដ៏ស្រស់ស្អាតជាមួយនឹងសម្រស់ទឹកធ្លាក់ធម្មជាតិមួយនេះបាន ក្នុងនោះក៏មានអាងហែលទឹកសម្រាប់ប្រិយមិត្តហែលលេងកម្សាន្តផងដែរ ។
៥. ជិះទូកទស្សនាក្រុងកំពតនៅដងព្រែក
ពេលល្ងាចក៏ចូលមកដល់ ព្រះអាទិត្យក៏ចាប់ផ្តើមជ្រេចុះទាប ដែលបញ្ជាក់ថាប្រិយមិត្តដល់ពេលត្រឡប់មកកាន់ទីរួមខេត្តហើយ ។ នៅក្នុងទីរួមខេត្តកំពតពេលល្ងាចម្រិយមិត្តអាចអង្គុយនៅមាត់ព្រែកកំពត មើលទូកប្រជានេសាទជាច្រើនរយគ្រឿង បើកប្រដេញគ្នាត្រឡប់មកនៅលំនៅដ្ឋានវិញ អមដោយសំឡេងម៉ាស៊ីលាន់ឮពេញព្រែក ។ ពេលរាត្រីក៏ចូលខ្លួនមកដល់ ទូកទេសចរ ក៏ចាប់ផ្តើមបើកទទួលភ្ញៀវជិះកម្សាន្ត ដោយតម្លៃមួយម៉ឺនរៀលក្នុង ១ នាក់ ទីនេះយើងក៏អាចញាំស្រាក្រឡុក និង ទទួលទានអាហារដ៏ស្រស់ស្រាយនៅលើទូកទេសចរនេះ ដោយរីករាយ ៕
«ប្រជាប្រិយ» សូមណែនាំឱ្យប្រិយមិត្តជិះ ម៉ូតូ ដើម្បីសន្សំពេលវេលា និង ស័ក្ដិសមបំផុត ក្នុងដំណើរកម្សាន្ត ៥ កន្លែងក្នុងមួយថ្ងៃនៅកំពតនេះ ៕