នៅប្រវែងកំពតយើងនេះសោះ កន្លែងគេងស្អាតកប់សាហាវ ឡើងបៃតងខ្ចី នៅជាប់ដងព្រែកទៀត
ខេត្តកំពតជាទឹកដីដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរកម្រនឹងរំលងណាស់ឱ្យតែដល់ថ្ងៃឈប់សម្រាកម្ដងៗ ។ ខេត្តកំពតគ្របដណ្ដប់ដោយសក្កានុពលទេសចរណ៍ដ៏សម្បូរបែប មានដងអូរ ដងជ្រោះ ព្រៃភ្នំ ដងព្រែកដ៏ល្បីល្បាញបំផុត ។ នៅសប្ដាហ៍នេះប្រសិនបើប្រិយមិត្តមានគម្រោងទៅកម្សាន្តនៅខេត្តមួយនេះ «ប្រជាប្រិយ» សូមណែនាំរីសតមួយ មានបរិយាកាសល្អបរិសុទ្ធ មានបន្ទប់គេងស្អាត មានអាងហែលទឹក ព្រមទាំងនៅប្របនឹងមាត់ព្រែកទៀតផង ។
«ម៉ូលីរីសតកំពត» ជាកន្លែងលម្ហែកាយមួយទើបតែបង្កើតឡើងថ្មីៗនេះ មានការរៀបចំគួរឱ្យទាក់ទាញចិត្តក្រៃលែង ។ នៅទីនោះ មានកន្លែងគេងប្រកបដោយផាសុកភាព ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចី ខ្យល់អាកាសល្អបិរសុទ្ធ ពិសេសនោះនៅក្បែរនឹងដងព្រែកដ៏ស្រស់ស្អាត អាចថតរូបលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ កាន់តែពិសេសជាងនេះនោះខាងរីសតថែមទាំងមាន Free ចង្ក្រាន និងធ្យូងសម្រាប់អាំងសាច់ ហើយភ្ញៀវក៏អាចយកអាហារពីខាងក្រៅទៅញ៉ាំបានដែរ ។
ចំពោះកន្លែងស្នាក់នៅវិញ មានជាប្រភេទបន្ទប់ និងវីឡា ។ សម្រាប់បន្ទប់គេងគ្រែ ១ ក្នុងមួយយប់តម្លៃ ៧០ ដុល្លារ និងគ្រែ ២ មួយយប់ ៨០ ដុល្លារ ។ សម្រាប់វីឡាវិញ តម្លៃ ៣៥០ ដុល្លារក្នុង ១ យប់ និង អាចគេងបាន ១៤ នាក់ ។
ចំពោះទីតាំងវិញស្ថិតនៅលើផ្លូវទឹកឈូ ឃុំអណ្ដូងខ្មែរ ភូមិអូរតូច ក្រុងកំពត (តាមបណ្ដោយផ្លូវទឹកឈូរ ហួសស្ពានដែក ២០០ ម៉្រែត) ៕