ទេសភាព «ភ្នំវាលធំ» ខេត្តរតនគិរី ខែនេះវាលស្មៅបែតងក្រាលដាច់កន្ទុយភ្នែក ស្អាតខ្លាំង
នៅរដូវវស្សានេះ តំបន់ទេសភាព ភ្នំវាលធំ ក្នុងឧទ្យានជាតិវិរ:ជ័យ ខេត្តរតនគិរី ពិតជាមានការទាក់ទាញខ្លាំងណាស់ ដែលធ្វើឱ្យភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះមានភាពសប្បាយរីករាយ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រងនៅទីនោះ ។
កាលពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ មន្រ្តីឧទ្យានុរក្សផ្នែកនាំភ្ញៀវទេសចរនៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បាននាំភ្ញៀវទេសចរណ៍ចំនួន ១៩ នាក់ ទៅទស្សនានៅក្នុងតំបន់ឧទ្យានជាតិវិរ:ជ័យ ភ្នំវាលធំ ចំនួន ៣ ថ្ងៃ ដើម្បីស្រូបយកខ្យល់អាកាស ថតរូបលេង និង បោះតង់ អាំងសាច់នៅទីនោះយ៉ាងសប្បាយរីករាយ ។
បើតាមការរៀបរាប់របស់មន្រ្តីឧទ្យានុរក្សផ្នែកនាំភ្ញៀវទេសចរណ៍បានបញ្ជាក់ថា នៅពេលបានទៅទស្សនា នៅទីនោះ ក្រុមទេសចរណ៍បានឃើញហ្វូង សត្វតូច ឮ សំឡេងសត្វទោចយំនៅភ្នំវាលធំ បានឃើញសត្វឈ្លូស និង សត្វទោចពីរក្រុមផងដែរ ។ ជាពិសេសក្រុមភ្ញៀវទេសចរមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយទេសភាពស្អាតៗនៅជុំវិញ ភ្នំវាលធំ និង បានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។ បើភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចង់ទៅទស្សនានៅតំបន់ភ្នំវាលធំ ក្នុងឧទ្យានជាតិវិរ:ជ័យ ខេត្តរតនគិរីនោះ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩៧ ៧៣០ ០៩ ៧៩/០៩៧ ៣៣៣ ៤៧ ៧៥ ៕