សមិទ្ធផលធំៗទាំង ៤ នាំឱ្យព្រះសីហនុល្បីខ្ទរខ្ទារ ក្រោយឯកឧត្ដម គួច ចំរើន ចូលកាន់តំណែងមិនដល់ ១ ឆ្នាំ
ប្រជាជនទូទាំងប្រទេសកម្ពុជានៅចាំមិនភ្លេច ក្នុងប្រវត្តិសាស្ត្រមួយ ដែលមិនធ្លាប់កើតមាននៅប្រទេស គឺការផ្លាស់ប្ដូរមុខ តំណែង និង ទីកន្លែងបំពេញការងារភ្លាមៗរបស់មន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជា ក្នុងមួយប៉ព្រិចភ្នែក ។ ឯកឧត្ដម គួច ចំរើន បានផ្លាស់ប្ដូរពីអភិបាលខេត្តកំពង់ចាម ទៅធ្វើជាអភិបាលខេត្តព្រះសីហនុភ្លាមៗកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីខេត្តជាប់សមុទ្រមួយនេះ ស្ថិតក្នុងភាពវឹកវរមានគ្រោះអាសន្ន ។
ជាការពិតគេថាអ្នកខ្លាំងទៅដល់ទីណានៅតែខ្លាំង ឯកឧត្ដម គួច ចំរើន បានបញ្ចេញអស់នូវសមត្ថភាពគ្មានលាក់ និង ដាក់ផែនការអនុវត្តបន្ទាន់ៗដូចផ្លេកបន្ទោរ និង ធ្វើឱ្យខេត្តព្រះសីហនុផ្លាស់ប្ដូរមកប្រសើរឡើងវិញ ក្នុងរយៈពេលដ៏ខ្លី ។ សមិទ្ធផលធំៗដែលលោកសម្រេចបានគួរឱ្យកត់សម្គាល់រួមមាន៖
១. ការចុះរុះរើសំណង់អនាធិបតេយ្យគ្មានច្បាប់ និងខុសបច្ចេកទេសគ្មានសល់
ឯកឧត្ដម បានចុះរុះរើសំណង់អនាធិបតេយ្យ គ្មានច្បាប់ ខុសបច្ចេកទេសដោយគ្មានញញើត ។ សំណង់គ្មានសណ្ដាប់ធ្នាប់មិនថាក្នុងក្រុង ឬនៅជាប់តំបន់ឆ្នេរឡើយត្រូវបានរុះរើ វាយកម្ទេចចោល ហើយត្រឹមមួយពព្រិចភ្នែកសំណង់ទាំងនោះបាត់រូបរាងពីខេត្តព្រះសីហនុ ។
២. យកឆ្នេរសមុទ្រទាំងអស់មកជាទ្រព្យសម្បត្តិសាធារណៈវិញពលរដ្ឋទៅកម្សាន្តដោយសេរី
នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេងកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ។
មិនអនុញ្ញាត ឱ្យមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឱ្យបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម(ករណីបងប្អូនមិនបានដាក់កន្ទេលទៅខ្លួនឯង) ក៏ជាការចូលរួមឱ្យអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។
៣. ការសម្អាតបរិស្ថានទ្រង់ទ្រាយធំបំផុតនៅព្រះសីហនុដែលរងការបំផ្លាញអស់ជាច្រើនឆ្នាំ
ថ្នាក់ដឹកនាំដ៏ឆ្នើមរូបនេះ បានដឹកនាំប្រជាជនធ្វើយុទ្ធនាការសំអាតបរិស្ថានធំបំផុតមិនធ្លាប់មាន រហូតធ្វើឱ្យព្រះសីហនុ វិលមករកភាពល្អប្រសើរវិញ បន្ទាប់ពីខេត្តនេះត្រូវបានញ៉ាំញីដោយសំរាម និងការបង្ហូរទឹកកង្វក់ចូលសមុទ្រជាដើម ។
៤. ការស្ថាបនាមហាវិថី វិថី និងអនុវិថី ចំនួន ៣៤ ខ្សែ
ផ្លូវថ្មីចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ប្រមាណ ៩៤% ហើយ ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម គួច ចំរើន បានថ្លែងនៅថ្ងៃទី ១ ខែមិថុនា ២០២០ នេះ ។ ផ្លូវទាំង ៣៤ ខ្សែមានលក្ខណៈទំនើបស៊ីវិល័យ មានខឿនក្រាលក្រានីតដាំលម្អដោយផ្កាចម្រុះ មានបំពាក់អំពូលភ្លើងឆ្លាតវៃ មានផ្លូវក្រាលថ្មក្រានីតសម្រាប់អ្នកដំណើរថ្មើជើង និងជនពិការទៀតផង ។
ក្រៅពីសមិទ្ធផលខាងលើនេះលោក បានធ្វើឱ្យប្រសើរឡើងជាច្រើនចំណុចទៀត ដែលមិនអាចអត្ថាធិប្បាយអស់នៅក្នុងអត្ថបទមួយនេះ ។ ទៅថ្ងៃខាងមុខព្រះសីហនុនឹងក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា មានអគារខ្ពស់ៗ ផ្លូវខ្វាត់ខ្វែង មិនចាញ់ប្រទេសជឿនលឿនឡើយ ៕