កសិករ ២០ គ្រួសារ ទទួលគម្រោងចិញ្ចឹមអណ្តើក ពីអង្គការ WCS
កសិករចំនួន ២០ គ្រួសារ ដែលមានមុខរបរចម្បងជាអ្នកនេសាទ បានចាប់ផ្តើមអនុវត្តគម្រោងចិញ្ចឹមត្រីអណ្តែង កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ បន្ទាប់ពីពួកគាត់ទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមត្រី និង ដាំបន្លែ ពីអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) សហការជាមួយអង្គការ WCS ។ នេះបើតាមការផ្សាយព័ត៌មានរបស់អង្គការ WCS នាពេលថ្មីនេះ។
ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុបតាមរយៈអង្គការ WCS អង្គការ CRDT បានជ្រើសរើសកសិករចំនួន ៩ គ្រួសារនៅក្នុងភូមិ វឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និង ១១ គ្រួសារទៀតនៅភូមិ កោះព្រះ កោះក្រូច និង ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីចូលរួមក្នុងការអនុវត្តគម្រោងនេះ ។ ដោយមានគោលបំណងផ្តល់នូវជម្រើសផ្សេងទៀតក្រៅពីការជួញដូរ អណ្តើក និង នេសាទខុសច្បាប់ គម្រោងនេះផ្តោតសំខាន់ជួយប្រជាសហគមន៍បង្កើតនូវប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសាររបស់ពួកគាត់ តាមរយៈការបង្កើតឱ្យមានមុខរបរអាជីវកម្មបន្ថែម ។
គ្រួសារកសិករដែលបានចូលរួមក្នុងគម្រោងនេះ ទទួលបានក្នុងមួយគ្រួសារពូជកូនត្រីអណ្តែងចំនួនប្រហែល ៣០០ ក្បាល និង ចំណីត្រីមួយចំនួន ថង់ប្លាស្ទិកសម្រាប់ធ្វើស្រះចិញ្ចឹមត្រី និងគ្រាប់ពូជបន្លែមួយចំនួន សម្រាប់ដាំនៅជុំវិញស្រះចិញ្ចឹមត្រី ។ គ្រួសារទាំងអស់ ដែលបានចូលរួមក្នុងគម្រោងនេះ បានប្តេជ្ញាការពារកន្ធាយក្បាលកង្កែប ឬ ល្មិច និង ធនធានជលផលដទៃទៀត ដែលកំពុងទទួលរងការគំរាមកំហែង ។ កសិករទាំង ២០ គ្រួសារនេះ នឹងដើរតួជាកសិករគំរូរបស់គម្រោង នៅក្នុងសហគមន៍របស់ពួកគាត់ និង ស្ម័គ្រចិត្តបណ្តុះបណ្តាលដល់កសិករដទៃដែលមានបំណងចង់ចូលរួមក្នុងគម្រោងនេះដែរ ៕