នេះជាទេសភាពដ៏ស្រស់ត្រកាល តាមដងទន្លេស្រែពក ក្នុងដែនជំរកសត្វព្រៃស្រែពក
ទេសភាពទាំងនេះ គឺស្ថិតតាមបណ្តោយទន្លេស្រែពកភាគខាងលើ ក្នុងដែនជំរកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ។ នៅក្នុងការចុះល្បាត កាលពីពេលថ្មីៗកន្លងទៅនេះ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានផ្តិតរូបភាពនៅតាមទីតាំងនេះ ដែលជាទីជម្រករបស់សត្វកម្រមួយចំនួនផងដែរ ដូចជា ក្រពើភ្នំ ភេ អន្លង់ត្រីត្រសក់ ជាពិសេសតាមដងទន្លេដុះដោយដើមឈើទាលធំៗ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានអោយដឹងថា នៅរដូវនេះធនធានធម្មជាតិ មានភាពស្រស់ត្រកាល បង្ហាញនូវសុខភាពរបស់ព្រៃនៅតំបន់នោះផងដែរ ក្រៅពីនោះ យើងសង្កេតឃើញវត្តមានប្រភេទពានរមួយចំនួនដូចជាស្វាព្រាម ស្វាស្រូវ និងសត្វស្លាប កេងកង តូច ស្មោញ និងក្អែកទឹកជាដើម ។ ដោយឡែក តាមការសិក្សាក្រពើភ្នំមានវត្តមាន នៅក្នុងតំបន់នោះប្រហែល ២០ ទៅ ២៥ ក្បាល ។ តាមការសិក្សាក្រពើភ្នំមានវត្តមាននៅក្នុងតំបន់នោះប្រហែល ២០ ទៅ ២៥ ក្បាល ។
សូមបញ្ចាក់ថា ដែនជម្រកសត្វព្រៃស្រែពកនៅខេត្តមណ្ឌលគីរីត្រូវបានបែងចែកជាបួនតំបន់ ។ ក្នុងនេះមាន តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សម្រាប់បម្រើដល់ការងារគ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៩ ។
ការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក រៀបចំឡើង ដើម្បីធានាប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏ដូចជាការលើកកម្ពស់ចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ ព្រមទាំងធានាឱ្យមានការថែទាំសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ៕