វីង សម្ពោធផ្លូវមួយខ្សែដែលត្រូវបានជួសជុលសម្រាប់លើកកម្ពស់ជីវភាពសហគមន៍
នៅតាមវាលស្រែដែលឆ្លងកាត់បីទៅបួនភូមិ ប្រជាពលរដ្ឋនៅ ឃុំយាអង្គ ធ្លាប់ចំណាយពេលធ្វើតំណើរទៅផ្លូវជាតិយ៉ាងហោចណាស់ ១ ម៉ោងតាមរយៈផ្លូវលំដែលមានប្រវែងត្រឹមតែ ៣៥០០ ម៉ែតប៉ុណ្ណោះ ។ ទោះបីយ៉ាងណាក៏ដោយ ទាំងនេះវាគ្រាន់តែជារឿងដែលបានកើតឡើង នាពេលអតីតកាលបុណ្ណោះ ។
ក្រោមការឧបត្ថម្ភរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គម្រោងជួសជុលផ្លូវមួយខ្សែប្រវែង ៣,៥ គីឡូម៉ែត្រដែលបានចាប់ផ្តើមជួសជុសកាលពីខែមករាឆ្នាំ ២០២០ ត្រូវបានបញ្ចប់ និង ប្រកាសដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ពិធីនេះត្រូវបានចូលរួម និង ផ្តល់ជាកិត្តិយសដោយ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លោក កែវ យឿន អភិបាលរងស្រុក យាអង្គ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេសវីង បុគ្គលិកវីង និង ប្រជាពលរដ្ឋតាមសហគមន៏ជាច្រើនផ្សេងទៀត ។
នៅក្នុងពិធីដែលមានអ្នកចូលរួមជាង ៤០០ នាក់ដែលរស់នៅក្នុងតំបន់នោះ លោក ម៉ានូ រ៉ាចាន់ បានប្រកាសបើកសម្ពោទផ្លូវដែលបានជួសជុលរួច និងដាក់ឲ្យប្រើប្រាស់ជាសាធារណៈតាមរយៈការកាត់ខ្សែរបូដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋជាង ៦៤៧ គ្រួសារក្នុងភូមិចំនួន ៤ ក្នុងឃុំយាអង្គ ។
លោកម៉ានូ រ៉ាចាន់ បានមានប្រាសាសន៍ថា “ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសំខាន់ៗដូចជា ការទទួលបានហិរញ្ញវត្ថុ ការថែទាំសុខភាព ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការផ្សារភ្ជាប់ផលិតផលក្នុងស្រុកទៅនឹងទីផ្សារផងដែរ។”
លោក កែវ យឿន បានឲ្យដឹងថា “ក្នុងរដូវវស្សាម្តងៗ ប្រជាពលរដ្ឋនៅទីនេះពិតជាជួបទុក្ខលំបាកយ៉ាងខ្លាំងដោយសារពួកគាត់ត្រូវធ្វើដំណើរដោយយានជំនិះឆ្លងកាត់តាមដងផ្លូវដែលបានខូចយ៉ាងតំណំ។ ដោយសារពិបាកនាំយកផលិតផលកសិកម្មនិងផលិតផលផ្សេងៗទៅលក់នៅឯទីផ្សារហើយ ទើបធ្វើឲ្យរបរកសិកម្មប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពជាប់គាំងនិងមិនមានស្ថេរភាព ហើយ សិស្សានុសិស្សពេលខ្លះបានខកខានទៅសាលាជាដើម។”
លោក កែវ យឿន បានបន្ថែមថា “ក្រោមការឧបត្ថម្ភរបស់ វីង ប្រជាពលរដ្ឋជាង ២,៨០០ នាក់នឹងអាចប្រើប្រាស់ផ្លូវដ៏ស្អាតនេះជាប្រចាំថ្ងៃ ហើយវានឹងជួយឲ្យជីវភាពរបស់ពួកគាត់នៅទីនេះកាន់តែល្អប្រសើរ។ ការធ្វើជំនួញអាជីវកម្មផលិតផលកសិកម្មនឹងកាន់តែកើនឡើង ហើយក្មេងៗនឹងអាចធ្វើដំណើរទៅសាលារៀនកាន់តែងាយស្រួល ក្រុមគ្រួសាររបស់ពួកគាត់នឹងអាចទៅទិញបានម្ហូបអាហារបានកាន់តែលឿនជាងមុន។”
ប្រសិនបើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវមិនល្អ ប្រជាពលរដ្ឋតាមសហគមន៍នឺងជួបឧបសគ្គក្នុងការទទួលបានសេវាសុខភាព ការអប់រំ និងសេវាសាធារណៈដ៏ទៃផ្សេងទៀត។ តាមរយៈជំនួយឧបត្ថម្ភនេះ វីង បានប្តេជ្ញាចិត្តក្នុងការកែលម្អរជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាមរយៈការធ្វើឲ្យកាន់តែល្អប្រសើរ លើការផ្តល់ជូនតំរូវការផ្សេៗ ដើម្បីការអភិវឌ្ឍសហគមប្រកបដោយចីរភាព ៕