មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នាក្នុងការធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ។ អ្នកខ្លះចូលចិត្តការដើរកម្សាន្តលក្ខណៈផ្សងព្រេងទៅតាមតំបន់ព្រៃភ្នំ ជ្រោះជ្រលងដងអូរ ឯអ្នកខ្លះក៏ចូលចិត្តការលម្ហែកាយនៅតាមឆ្នេរសមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ហែលទឹកលេងជាដើម ។
សម្រាប់អ្នកដែលចូលចិត្តទៅលេងសមុទ្រមិនគួររំលងទេសភាពដ៏ស្រស់ត្រកាលនៃកោះស្តេច ដែលមានលក្ខណៈធម្មជាតិពិតៗ ទឹកសមុទ្រខៀវថ្លាឆ្លុះដល់បាត គ្រឿងសមុទ្រស្រស់ថ្មីៗ ជាពិសេសក៏អាចស្វែងយល់ពីជីវភាពប្រជាជាននៅលើកោះផ្ទាល់ផងដែរ ។
អ្វីដែលកាន់តែពិសេសទៀតនោះ ពេលទៅដល់កោះស្តេច លោកអ្នកក៏អាចជ្រើសយកការសម្រាកនៅក្នុងតង់ជាប់មាត់ទឹក អាចមើលទេសភាពដ៏ធំល្វឹងល្វើយពីសមុទ្រ ថ្ងៃលិចពណ៌ក្រហមឆ្អិនឆ្អៅមកប៉ះនឹងរលកសមុទ្រដែលកំពុងធ្វើចលនា ក៏ដូចជាការចុះហែលលេងទឹកផ្ទាល់នៅក្បែរនោះ និង អាំងសាច់បរិភោគយ៉ាងមានឱជារស ។
ទិដ្ឋភាពបែបនេះពិតជាស័ក្ដិសមបំផុតសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ព្រមទាំងគូស្នេហ៍ ដែលអាចមានពេលវេលាដ៏ល្អជាមួយគ្នា ច្រៀង រាំលេងកម្សាន្ត និង ថតរូបទុកជាអនុស្សាវរីយ៍ជាមួយប្លង់ពិសេសៗ ជាទីគយគន់មិនជិនណាយ ៕
ប្រភព៖ ផ្ទះសំណាក់មានលាភ-កោះស្តេច