តិចថានៅឈៀងម៉ៃអីទៅ! រមណីយដ្ឋានថ្មីនៅប៉ៃលិន កន្លែងគេងស្អាតប្លែក ក្បែរជើងភ្នំមានអូរមានជ្រោះ
ភូមិកូឡាចំការខ្នុរ Resort គឺជារមណីយដ្ឋានមួយទើបបង្កើតឡើងបានជាង ២ ខែ នៅក្រុងប៉ៃលិន បានបង្អួតសម្រស់យ៉ាងទាក់ទាញមិនចាញ់តំបន់ទេសចរណ៍ដែលគេតែងល្បីនៅខេត្តឈៀងម៉ៃ ប្រទេសថៃឡើយ ។
បើតាមម្ចាស់រីសតតែម្ដង បានប្រាប់មកកាន់ «ប្រជាប្រិយ» ថាកន្លែងកម្សាន្តថ្មីមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ បរហ៊ុយ សង្កាត់បរយីហា ក្រុងប៉ៃលិន ចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីវិមានឯករាជ្យ ជិះតាមផ្លូវកៅស៊ូរហូត និងចុះតាមផ្លូវគ្រួសប្រមាណតែ ៣០០ ម៉ែត្រប៉ុណ្ណោះ ។
នៅទីនោះមានជាលក្ខណៈផ្ទះស្នាក់នៅសង់ដាច់ពីគ្នាមានបន្ទប់គេងមួយ បន្ទប់ទឹកមួយ នៅក្បែរនឹងជើងភ្នំឫស្សី និង មានអាហារដ្ឋានផងដែរ ។ អ្វីដែលជាចំណុចដ៏ទាកទាញនោះ គឺរមណីដ្ឋានថ្មីនេះហ៊ុមព័ទ្ធទៅដោយទឹកជ្រោះ ដងអូរ និងព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង ។ ក្រៅពីគេងក្នុងផ្ទះទេសចរក៏អាចបោះបង់បានដែរនៅប្របនឹងដងអូរ គេងស្ដាប់សំឡេងទឹកហូរយ៉ាងពីរោះរណ្ដំ ។
ក្រៅពីនេះទៀតភ្ញៀវទេសចរនឹងរីករាយជាមួយការលម្ហែកាយ មានផ្ការីកស្គុះស្គាយ មានកន្លែងអង្គុយលេងនៅនឹងមាតអូរ អាចញ៉ាំអាហារបណ្ដើរ គយគន់ទេសភាពបណ្ដើរ ។ យប់ឡើងភ្ញៀវអាចរាំលេងកម្សាន្តដោយខាងរីសតមានរៀបចំជាឆាកតន្ត្រីជូន អាចច្រៀងរាំលេងយ៉ាងសប្បាយ ព្រមទាំងមានរៀបចំចង្ក្រានជូនសម្រាប់អាំងសាច់ទៀតផង ។
ចំពោះតម្លៃស្នាក់នៅវិញសម្រាប់ផ្ទះចាប់ពី ៥០ដុល្លារ រហូតដល់ ៧០ដុល្លារ ហើយតម្លៃនេះដែរមិនមានឡើងថ្លៃទៅតាមថ្ងៃឈប់សម្រាកឡើយ ប៉ុន្តែមានការបញ្ចុះតម្លៃជូននៅថ្ងៃបុណ្យទាន ៕