ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទដ៏អច្ឆរិយនេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងឱ្យភ្នំសុមេរុ ។
អ្នកសិក្សាស្រាវជ្រាវទូទាំងសាកលលោកបតែងតែស្ងប់ស្ងែងនូវស្ថាបត្យកម្មដ៏អស្ចារ្យគ្មានពីរលើលោកមួយនេះ ព្រោះតែគំនិតច្នៃប្រឌិតនឹកស្មានមិនដល់យកថ្មមកធ្វើជាប្រាសាទដោយដៃ គ្មានឧបករណ៍ទំនើប ប៉ុន្តែអាចឈរបានយ៉ាងរឹងមាំក្រោមខ្យល់ភ្លៀង រាប់រយឆ្នាំ ។ ដោយភាពអស្ចារ្យបែបនេះហើយក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បារាំង និងបណ្ដាប្រទេសផ្សេងៗទៀតបានសិក្សាស្រាវជ្រាវអំពីការកសាងប្រាង្គប្រាសាទនេះឡើង តាមរយៈតឹកតាំងដែលបន្សល់ទុកជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន ។
សាកលវិទ្យាល័យ Monash ដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលីបានសិក្សាអំពីប្រវត្តិនៃការកសាងប្រាសាទអង្គរវត្ត និងបង្កើតជាវីដេអូបែបគំនូរជីវចលបង្ហាញឱ្យឃើញពីទិដ្ឋភាពគ្រប់បែបយ៉ាងនៅក្នុងសម័យអង្គរដ៏រុងរឿង ។ តាមរយៈវីដេអូនេះបានបង្ហាញឱ្យឃើញពីទ្រង់ទ្រាយដើមនៃប្រាសាទអង្គរ ស្រោបទៅដោយពណ៌មាស ជាមួយក្បូរក្បាច់ចម្លាក់ពីវិចិត្រករខ្មែរដ៏ឆ្នើមរបស់ខ្មែរនាសម័យនោះ ។ ស្ថិតនៅចំទីតាំងដ៏ល្អបំផុតមានតែមួយគ្មានពីរនាកណ្ដាលព្រៃព្រឹក្សា មានគូរទឹកព័ទ្ធជុំវិញ ធ្វើឱ្យប្រាសាទដ៏ធំមហិមាមួយនេះ ប្រៀបដូចជាសំណង់អាទិទេពមួយនៅកណ្ដាលទ្វីពលោក ។ ចំណែកឯប្រជានុរាស្ត្រខ្មែររស់នៅយ៉ាងសុខសាន្ត ព្រោះតែដែនដីមួយនេះពោរពេញទៅដោយជីវជាតិ មានប្រព័ន្ធធារាសាស្ត្របង្កបង្កើនផលគ្រប់រដូវកាល ។
ប្រាសាទអង្គរជាប្រាសាទដែលនៅគង់វង្សល្អបំផុត វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយ ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងជាប្រាសាទមួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ៕
សូមទស្សនាទិដ្ឋភាពដូចខាងក្រោម៖
រូបភាព៖ Monash University