បន្ទាប់ពីរុះរើតូបលក់ដូរ ឥឡូវនេះអាជ្ញាធរផ្តើមឈូសឆាយរៀបចំឆ្នេរអូរត្រេះឱ្យមានសោភ័ណភាពវិញ
បន្ទាប់ពីមានការរុះរើតូប ឬ កន្លែងលក់ដូរប្រមាណជាង ១៥០កន្លែង នៅតាមឆ្នេរអូរត្រេះនោះមក ឥឡូវនេះអាជ្ញាធរក្រុងព្រះសីហនុបានដាក់គ្រឿងចក្រធ្វើការឈូសឆាយឆ្នេរខ្សាច់ និង រៀបចំសណ្តាប់ធ្នាប់ នៅតំបន់ឆ្នេរនោះឱ្យមានសោភភ័ណភាពស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលទៅទស្សនាកម្សាន្តនៅទីនោះ ។
ពេលឃើញរូបភាព នៅតំបន់ឆ្នេរខ្សាច់អូរត្រេះមានទេសភាព និង សោភ័ណភាពស្រស់ស្អាតបែបនេះគឺចង់ទៅលេងភ្លាម ។ លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្លាំងចម្រុះកំពុងសម្អាតបរិស្ថានឆ្នេរនេះ និង រៀបចំសោភ័ណភាពបន្ថែមទៀត ដើម្បីធ្វើជាកន្លែងឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ អង្គុយ ឬ ដើរកម្សាន្ត ដោយមិនមានការបង់ប្រាក់ ។ ដោយឡែក នៅចុងឆ្នេរអូរឈើទាល(អតីតអារីស្តុន)មានកន្លែងលក់ដូរចំនួន១២៦កន្លែង និង នៅឆ្នេរអូរត្រេះ១ ឆ្នេរអូរត្រេះ២ មានកន្លែងលក់ដូរចំនួន១៥៦កន្លែងត្រូវបានរុះរើសម្អាត ។
មហាជនមានការរំពឹងទុកថា ប្រសិនបើតំបន់ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ រក្សាបាននូវសោភ័ណភាពស្រស់ស្អាតបែបនេះនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្ត នៅខេត្តមាត់សមុទ្រនេះច្រើនឡើងវិញ ៕